ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានចុះអនុស្សរណៈយោគយល់ជាមួយសមាគមកាយរិទ្ធនារីកម្ពុជា,សហភាពសហ័ពន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តចំនួន៦គាំទ្រយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមកាយឫទ្ធីនារីកម្ពុជា,សហភាពសហ័ពន្ធ យុវជនកម្ពុជា និងរដ្ឋបាលខេត្តចំនួន៦ គឺខេត្តកំពត, ខេត្តកែប,ខេត្តព្រះសីហនុ,ខេត្តកោះកុង,ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ បង្ហាញគោលជំហរគាំទ្រយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមដោយក្រសួង បរិស្ថាន តាមរយៈការចុះអនុស្សរណៈយោគយល់ នៅថ្ងៃនេះ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

សិស្សានុសិស្សលោកគ្រូអ្នកគ្រូ ប្រមាណជាង131.203 នាក់នៅតាមបណ្តាក្រុងស្រុកទាំង៨ ព្រមទាំងនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅនៅទូទាំងខេត្តកំពតមានសាលារៀន សរុបចំនួន438 (វិទ្យាល័យ 24,អនុវិទ្យា ល័យ 76,  បឋម 310, មតេយ្យ 7 , សាលាឯកជន21) គ្រូសរុប 5826នាក់ បានជួបជុំរៀបចំយុទ្ធនាការព្រមគ្នា និងពិធីចុះអនុស្សរណៈយោគយល់ រវាងក្រសួងបរិស្ថាន និង សមាគមកាយឫទ្ធីនារីកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និង រដ្ឋបាលខេត្តចំនួន៦ គឺខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បាននិងកំពុងទទួលការគាំទ្រនិងការចូលរួមអនុវត្តពីគណៈគ្រប់ គ្រង សាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅនៃរាជធានីខេត្តជាបន្ត បន្ទាប់។ ជាក់ស្តែងគិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកានេះ គឺមានអ្នកស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការនេះសរុបចំនួន ៣លាន អង្គ/នាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូ មានចំនួន ជាង១១ម៉ឺននាក់ សិស្សានុសិស្ស សរុបចំនួនជាង ២,៨២៣,៥៣១ (ពីរលាន ប្រាំបីរយម្ភៃបីពាន់ ប្រាំរយសាមសិបមួយ)នាក់នៃសាលារៀនចំនួន៦.៦១៩សាលា និងកម្មករ/និយោជក ព្រះសង្ឈ និង ប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ,សហគ្រាស,វត្តអារាមនិងសហគម ន៍នានា។

គួរបញ្ជាក់ថា ការប្រើប្រាស់សម្ភារប្លាស្ទិកនៅលើពិភព លោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និង សុខុមាលភាព មនុស្ស សត្វលើភពផែនដី។ មកទល់ឆ្នាំ ២០២២ នៅទូទាំង ពិភពលោកបានផលិត និងប្រើ ប្រាស់សម្ភារប្លាស្ទិក ជាង ៩,៥ ពាន់លានតោន ក្នុងអត្រា កំណើន ៣% ជារៀងរាល់ឆ្នាំ។ ក្រោយពីការប្រើប្រាស់សំណល់ប្លាស្ទិកប្រមាណ ៩% នៃបរិមាណសំណល់ប្លាស្ទិកសរុប ដែលបានយកមកកែច្នៃផលិត ឡើងវិញ រីឯសំណល់ប្លាស្ទិក ៩១% ទៀតត្រូវបានយកទៅទីលានទុកដាក់សំរាម ឬ ដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុងប្រភព ទឹក ហូរចាក់ចូលទៅក្នុងសមុទ្រប្រមាណ ជាង ៨ លានតោនក្នុង១ឆ្នាំ។

ដោយឡែកនៅកម្ពុជា កត្តារីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងភាពស៊ីវិល័យរបស់សង្គមនិងការរស់នៅ បានធ្វើឱ្យការប្រើប្រាស់សម្ភារប្លាស្ទិកមានកើនឡើង ក្នុងកម្រិតខ្ពស់ ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជា ម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម ៤ ថង់ក្នុង១ថ្ងៃ គឺប្រមាណជា ៥៥ លានថង់ប្លាសិក ប្រើប្រាស់ក្នុង១ថ្ងៃនៅកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖