ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យ Al-Shifa នៃតំបន់ហ្គាហ្សា ក្លាយជាចំណុចកណ្តាលនៃសង្គ្រាមអុីស្រាអែល-ហាម៉ាស់

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបាននិយាយថាមន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យធំជាងគេបំផុតនៅក្នុងតំបន់ហ្គាហ្សា បានក្លាយជា «តំបន់មរណៈ» និងបានជំរុញឱ្យមានការជម្លៀសមនុស្សចេញ ខណៈដែលកងទ័ពអ៉ីស្រាអែលកំពុងពង្រីក ប្រតិបត្តិការដើម្បីកម្ទេចក្រុមហាម៉ាស់។
ការវាយតម្លៃបែបនេះធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីមកពីអង្គការ WHO និងUN បានចំណាយពេលមួយម៉ោងកាលពីថ្ងៃសៅរ៍ទី១៨ ខែវិច្ឆិកា ចុះត្រួតពិនិត្យស្ថានភាពនៅក្នុងមន្ទីរពេទ្យ Al-Shifa ដែលត្រូវបានកងទ័ពអ៉ីស្រាអែលបើកការវាយឆ្មក់ចូលតាំងពីដើមសប្ដាហ៍នេះមក។ ដំណាលគ្នានឹងទស្សនកិច្ចនេះដែរ មន្ត្រីហាម៉ាស់ម្នាក់បានអះអាងថា មនុស្សច្រើនជាង ៨០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស២លើកលើជំរំជនភៀសខ្លួនមួយស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងសាលារៀនមួយដំណើរការ UN ផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គការ WHO បានគូសបញ្ជាក់ដូច្នេះថា «ក្រុមការងារបានចាត់ទុកមន្ទីរពេទ្យ (Al-Shifa) គឺជាតំបន់មរណៈ ហើយស្ថានភាពវិញគឺពោរពេញដោយក្ដីអស់សង្ឃឹម ដោយមន្ទីរពេទ្យមិនអាចធ្វើប្រតិបត្តិការជាមូលដ្ឋានរបស់ខ្លួនក្នុងនាមជាកន្លែងសង្រ្គោះជីវិតមនុស្ស ដោយសារតែការខ្វះខាតទឹកស្អាត ឥន្ធនៈ និងសម្ភារសំខាន់ៗផ្សេងទៀត។
អ៉ីស្រាអែលបានប្ដេជ្ញាកម្ទេចក្រុមហាម៉ាស់ ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិ អ៉ីស្រាអែល ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិលនិងមនុស្សជាង២៤០នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស់។ បើតាមក្រុមហាម៉ាស់វិញ ចាប់តាំងពីពេលនោះមក អ៉ីស្រាអែលបានបើកការវាយប្រហារទម្លាក់គ្រាប់បែកឥតឈប់ឈរ បូករួមនឹងប្រតិបត្តិការយោធាជើងគោកចូលក្នុងតំបន់ហ្កាហ្សា ដោយសម្លាប់ជនជាតិប៉ាឡេស្ទីន ១២,៣០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងមានកុមារជាង ៥០០០នាក់៕

ដោយ៖ ធីរីណា(រូបថត៖ AFP)


ចែករំលែក៖