ភ្នំពេញ ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រយៈពេល ១០ ខែឆ្នាំនេះ កម្ពុជានាំចេញស្រូវបាន ៦,២ លានតោន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ មិនមែននៅស្ងៀមៗប្រទេសនានានាំគ្នាទិញស្រូវពីកម្ពុជាទេ ប៉ុន្តែគឺមកពីពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខស្បៀង ដែលគ្រប់ប្រទេសទាំងអស់ត្រូវចាត់វិធានការទិញស្រូវស្តុកទុក។ បន្ថែមពីលើនេះ វាក៏បង្ហាញពីការធានាពីប្រសិទ្ធភាពនៃគោលនយោបាយរបស់យើង ការទំនាក់ទំនង ព្រមទាំងគុណភាពនិងតម្លៃរបស់យើងផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះពូជអង្ករស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាសក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករ សម្រាប់អង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ ដែលរៀបចំដោយវិទ្យាស្ថានស្រូវនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្តគួងស៊ី ប្រទេសចិនកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជានៅរាជធានីភ្នំពេញ និងតាមទីក្រុងភាគច្រើននាំគ្នាទិញផលិតផល ចំណីអាហារ តាមប្រព័ន្ធឌីជីថល អនឡាញ ដែលនេះជាមូលហេតុពលរដ្ឋមិនសូវទៅផ្សារដោយផ្ទាល់ដូចមុន។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្នត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរី ដែលនាំឱ្យបាត់ទីផ្សារ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា រដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះវាប៉ះពាល់ដល់ច្បាប់ នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅរបស់រដ្ឋាភិបាល កសិកម្មមិនមែនផ្ដោតតែទៅលើការដាំដុះ ដំណាំ និងចិញ្ចឹមសត្វប៉ុណ្ណោះនោះទេ ប៉ុន្តែផ្ដោតសំខាន់លើការដាំដុះដំណាំ និងចិញ្ចឹមសត្វបានផលកាន់តែច្រើនស្របតាមទីតាំងភូមិសាស្ត្រ និងតម្រូវការទីផ្សារ ៕
ដោយ ៖ សហការី