ខេត្តបាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី២០ខែវិច្ឆិកានេះបានឱ្យលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ចុះស្រាវជ្រាវនិងនាំខ្លួនជនសង្ស័យឈ្មោះ គា គឹមលាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរក្នុងករណីហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
មូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទីសមត្ថកិច្ចបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ហូល ស្រីល័ក្ខ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ដែលបានប្ដឹងទៅលើជនសង្ស័យមិនស្គាល់ អត្តសញ្ញាណចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមមិនចាំស្លាកលេខបានធ្វើសកម្មភាពកាប់ម៉ូតូរបស់កូនប្រុសគាត់ឈ្មោះ ដារ៉ុង ថានុត បណ្តាលឱ្យរងការខូចខាតបែកក្បាលម៉ូតូ បែកកុងទ័រម៉ូតូ បែកអាវម៉ូតូខាងស្តាំនិងកែបម៉ូតូ។
ករណីនេះកើតឡើងកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣ វេលាម៉ោង២៣ និង៣០នាទីនៅចំណុចក្នុងបរិវេណវត្តពៃសាលីកៀនកែស ស្ថិតក្នុងក្រុមទី០២ ភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពីទទួលបណ្តឹងរួចមកសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវស៊ើប អង្កេត រហូតឃាត់ខ្លួនបាន។
ពេលធ្វេីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកម្នាក់ទៀតឈ្មោះ ណា សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង(គេចខ្លួន) ពិតជាបានធ្វើសកម្មភាពកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ដោយខ្លួនជាអ្នកបើកម៉ូតូ រីឯឈ្មោះ ណា សុភ័ក្រ ជាអ្នកធ្វើសកម្មភាពកាប់ម៉ូតូ។
រីឯមូលហេតុដែលនាំឱ្យកេីតបញ្ហានេះគឺ ពួកគេធ្លាប់កេីតមានទំនាស់ជាមួយគ្នានាពេលកន្លងមក ហេីយពេលនេះគេមានឱកាសដោះស្រាយគំនុំចាស់ទេីបតាមសងសឹកវិញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលស្រុកកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ