ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនត្រូវចោទ២នាក់ ពីបទ លួច​មានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ១១៧០​និង១១៧២ ឃ.ខ/​២៣ ចុះថ្ងៃអាទិត្យ ៧កើត ខែកគ្គិក ឆ្នាំ​ថោះ ចត្វាស័ក ព​.ស ២៥៦៧ ត្រូវនឹងថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ចេញដោយ​លោក ខេង សុខលីណា ចៅក្រម​ស៊ើបសួរ​នៃសាលាដំបូងខេត្តពោធិ៍សាត់ បានបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ២នាក់ជាបណ្ដោះអាសន្ន ជននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទៈ លួច​មានស្ថានទម្ងន់ទោស ។​

 ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន​លេខ១១៧០ ឃ.ខ/​២៣ ដដែល​ខាងលើ ឈ្មោះ នន ណាក់ ហៅតៃ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិ​ខ្មែរ កាន់សាសនា ព្រះពុទ្ធ មុខរបរ ធ្វើស្រែ កម្រិតវប្បធម៌ថ្នាក់ទី០៨ ស្ថានភាព​គ្រួសារ មានប្រពន្ធ និងកូនចំនួន០៥នាក់ បច្ចុប្បន្ន មានទីលំនៅ ភូមិស្ដុកជុំ ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប្រវត្តិ​នៃការផ្ដន្ទាទោសដោយតុលាការ(មាន)ធ្លាប់ផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន០៣ឆ្នាំ បទៈ លួច និងករណីមិនរាងចាលតាមសាលក្រមព្រហ្មទណ្ឌលេខ១២៨០ (ឃ)ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។ ហើយត្រូវឃាត់ខ្លួនថ្ងៃទី១៩ ខែវិច្ឆិកា ២០២៣ ។ ជននេះ​ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទៈ លួច​មានស្ថានទម្ងន់ទោស(បំពុលឆ្កែលួចយកម៉ូតូ)និងករណីមិនរាងចាល ប្រព្រិត្ត​នៅចំណុច​ជំនីក ស្ថិតនៅ​ភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ បទល្មើស​ដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា៣៥៣​.៣៥៧ និងមាត្រា៨៣ នៃក្រមព្រហ្មទណ្ឌ ។​

 ចំណែក​ដីកាលេខ១១៧២ ឃ.ខ/​២៣ ឯនេះវិញ ឈ្មោះ រឿន រុំ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ​ខ្មែរ កាន់សាសនា ព្រះពុទ្ធ មុខរបរ ធ្វើស្រែ កម្រិតវប្បធម៌ថ្នាក់ទី០២​បច្ចុប្បន្ន រស់នៅ ភូមិគក សង្កាត់​ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ស្ថានភាព​គ្រួសារ មានប្រពន្ធ និងកូនចំនួន០២នាក់ ប្រវត្តិ​នៃការផ្ដន្ទាទោសដោយតុលាកា(គ្មាន)។ ឃាត់ខ្លួន​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។ ជននេះ​ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ លួចមានស្ថានទម្ងន់ទោស(បំពុលឆ្កែលួចយកម៉ូតូ)និងប្រើប្រាសដោយខុសច្បាប់នូវសាធាតុញៀន ប្រព្រិត្ត​នៅចំណុច​ជំនីក ភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ បទល្មើស​ដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា៣៥៣ ៣៥៧នៃក្រមព្រហ្មទណ្ឌ និងមាត្រ៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។​

 ហេតុដូច្នេះ​សម្រេច បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះខាងលើ ទៅពន្ធនាគារខេត្តពោធិ៍សាត់ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ៕

ដោយ៖ ប៉ឹម ពិន​


ចែករំលែក៖