ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន ២ និង រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១ ។
នេះ គឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដោយក្នុងចំនួនទាំង ១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ១៧២ ៣៥០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាសចំនួន ១៨៩។
បើតាមលោក ហេង សួរ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមសំណេះសំណាលខាងលើនេះ មកពីរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០, ដេរស្បែកជើងចំនួន២ និងផលិតផលធ្វើដំណើរ និងកាបូបចំនួន១។
មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តដំណើរចុះជួបកម្មករ និយោជិតចំនួន១០លើកបន្ថែម នៅក្រោយពេលបោះឆ្នោត។ ក្រោយពេលបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចុះការងារជានាយករដ្ឋមន្ត្រី ជំនួសដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចតេជោ ក៏បានសម្រេចប្រគល់ភារកិច្ចជូនសម្តេចធិបតី ចុះជួបកម្មករ និយោជិតចំនួន១០លើកជំនួសវិញ។
មិនបង្អង់យូរ និងមិនធ្វើឱ្យសម្តេចតេជោ ខកសម្តីជាមួយកម្មករ និយោជិតនោះឡើយ។ បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតឡើងភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់កម្មវិធីចុះជួបកម្មករ និយោជិតតាមរោងចក្រជាបន្តបន្ទាប់។ ក្នុងជំនួប១០លើកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ១៧២,៣៥០នាក់ មកពីរោងចក្រ សហគ្រាសសរុបប្រមាណ១៨៩។
ជំនួបលើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,០១៣នាក់, លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់, លើកទី៣ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់, លើកទី៤ ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងស្រុកបាទី ខេត្តតាកែវ មានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់, លើកទី៥ ធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ ដោយមានកម្មករនិយោជិតចូលរួមចំនួន ១៨,០៩៩នាក់, លើកទី៦ ធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មានកម្មករ និយោជិតចូលរួម ១២,០៦០នាក់ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម, លើកទី៧ ធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានកម្មករ និយោជិត ចូលរួមចំនួន១៨,០២៨នាក់ នៅភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, លើកទី៨ ធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានកម្មករ និយោជិតចូលរួមសរុប ១៨,១៩០នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល, លើកទី៩ ធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានកម្មករ និយោជិតចូលរួម ១៥,១៩៤នាក់ និងលើកទី១០ ធ្វើឡើងនៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,១០៨នាក់។
ក្នុងជំនួបជាមួយកម្មករ និយោជិតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញការងារចំនួន៦ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យបានក្នុងឆ្នាំ២០២៣ និងការងារចំនួន៤ទៀត អនុវត្តនៅឆ្នាំបន្តបន្ទាប់ ដើម្បីជាប្រយោជន៍កម្មករ និយោជិត។
ការងារទាំងនោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រឹងប្រែងអនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ហើយសម្រេចបានលទ្ធផលជាបន្តបន្ទាប់ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា សុខទុក្ខរបស់កម្មករ និយោជិត គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល។ ដូច្នេះកម្មវិធីរបស់សម្តេចចុះជួបជាមួយកម្មករ និយោជិតមិនបិទបញ្ចប់ត្រឹម១០លើកនេះឡើយ សម្តេចនឹងបន្តចុះជួបនាពេលបន្តបន្ទាប់ទៀត៕
ដោយ៖ ស តារា