ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាល បន្តសហការចុះបង្រ្កាបបទល្មេីសនេសាទនៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាក់ស្ដែងជាលទ្ធផលបានកាប់បំផ្លាញ និងដុតចោលសាច់ម៉ង ,បង្គោល និងឡុកមួយចំនួននៅនឹងកន្លែងកើតហេតុ។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ដែលមានកម្លាំងប្រចាំការនៅស្រុកឯកភ្នំ មានលោកវរសេនីយ៍ទោ ហ៉ិត ហុង នាយរងការិយាល័យចរាចរណ៍ផ្លូវទឹក និងជាប្រធានក្រុមគោលដៅបង្ក្រាបបទល្មើសនេសាទ ឃុំកោះជីវាំង កាលពីម្សិលមិញនេះ បានចូលរួមជាមួយកម្លាំងអធិការដ្ឋានស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការ កម្លាំងផ្នែកសឹករងស្រុកបានបង្រ្កាប បទល្មើសនេសាទ០១លើក ក្នុងចំណុចបឹងតាអួរ ស្ថិតក្នុងសាស្ត្រភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលដកហូតបទល្មើសនេសាទបានដូចជា៖ សាច់ម៉ងប្រវែង៥៥០ម៉ែត្រ; បង្គោលចំនួន១៥០ដើម; ឡុកចំនួន០២គ្រឿង និងលែងកូនត្រីចម្រុះចូលធម្មជាតិវិញចំនួន៧០គីឡូក្រាម។
គួរបញ្ជាក់ថា ចំពោះសម្ភារបទល្មើសខាងលើត្រូវបានកម្លាំង កាប់បំផ្លាញ និងដុតចោលនៅហ្នឹងកន្លែងតែម្តង៕
ដោយ៖ សហការី