ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា ការដាក់គោលដៅដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឬជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ មិនមែនជាការស្រមើស្រមៃឡើយ។ ទោះយ៉ាងណា សម្តេចបានគូសបញ្ជាក់ថា បើទោះជាមានការចោទថា «ជាការស្រមើស្រមៃ» ក្ដី តែវាទាមទារនូវការស្រមៃនិងការដាក់ទិសដៅ ដើម្បីឱ្យយើងខំប្រឹងសម្រេចឲ្យបាន។
ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបកម្មករ និយោជិត ចំនួន ១៨,១០៨នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា មានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលអាចមិនចាំបាច់កំណត់សូចនាករឆ្នាំ២០៥០ ឱ្យក្លាយជាប្រទេសអ្នកមានក៏បាន ពោលគឺអាចដាក់ក្នុងកម្រិតណាមួយ ហើយមិនបាច់ខំប្រឹងទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលត្រូវដាក់ក្តីរំពឹងឲ្យខ្ពស់ ហើយខំប្រឹងសម្រេចឲ្យបាន ដើម្បីយកផលជូនដល់ប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើន។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការដាក់គោលដៅនៅឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេសអ្នកមាន ហើយខិតខំសម្រេចឲ្យបាន គឺជាភារកិច្ចនិងបេសកកម្មដែលរាជរដ្ឋាភិបាលត្រូវធ្វើសម្រាប់ជាតិនិងប្រជាជន។
រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ដោយឥតគិតថ្លៃ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យយុវជនខិតខំរៀន និងអនុវត្តឱ្យបានច្រើនជាជាងរៀនតែទ្រឹស្តី។
សម្តេចធិបតី បានណែនាំឱ្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់លើកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនដើម្បីផ្តល់ឱកាសឱ្យយុវជនមានជំនាញច្បាស់លាស់ និងអាចរកការងារធ្វើមានចំណូលល្អប្រសើរ។
សម្តេចធិបតី បានថ្លែងដូច្នេះថា៖ «រៀនឱ្យច្រើន កុំទ្រឹស្តីច្រើន អនុវត្តឱ្យបានច្រើន កុំឱ្យរៀនជួសជុលម៉ាស៊ីនស្រាប់តែរៀន៣ខែ រៀនជូតតែម៉ាស៊ីន គឺត្រូវរៀនជួសជុល»។
សម្តេចធិបតី គូសបញ្ជាក់ថា ក្នុងកម្មវិធីបណ្តុះបណ្តាលនេះ គឺត្រូវវិនិយោគលើសម្ភារឱ្យបានច្រើន ហើយត្រូវសហការជាមួយក្រុមហ៊ុនឯកជនដើម្បីបង្កើតកម្មវិធីអនុវត្តដល់យុវជន និងផ្តល់ឱកាសឱ្យយុវជនអាចចុះហាត់ការនៅតាមបណ្តាក្រុមហ៊ុន៕
ដោយ ៖ សហការី