ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងថា៖ «ថ្ងៃមួយមានសត្រូវប្រទូស្តរាយ ខ្មែរគ្រប់កាយសុខចិត្តប្តូរជីវី»។
លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា សម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» បានអង្រួនបេះដូង ទឹកចិត្តរបស់ខ្មែរគ្រប់ប្រាណឱ្យមានសេចក្តីក្លាហាន រួមសាមគ្គីជាធ្លុងមួយក្រោមទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនពីគ្រប់មជ្ឈដ្ឋាន និងកោសិកាសង្គមជាតិពិតជាបានបង្ហាញយ៉ាងជាក់ច្បាស់នូវទឹកចិត្តស្នេហាជាតិ គាំទ្រដល់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងយ៉ាងអង់អាចការពារជាតិ ការពារទឹកដី និងការពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ និងបូរណភាពដែនដី ដោយប្រើប្រាស់យន្តការទាំងបីមុខព្រួញគឺ ច្បាប់ ការទូត និងយោធា។
បន្ថែមពីនេះ លោក ហ៊ុន ម៉ានី បានគូបញ្ជាក់ថា៖ ទោះបីក្រោមកម្តៅថ្ងៃក្តៅ និងត្រូវធ្វើដំណើរដោយថ្មើរជើង ពួកយើងនៅតែបន្តច្រៀងបទ «ដែនដីខ្មែរ» ឥតដាច់។ នេះហើយ! ស្មារតីស្នេហាជាតិដ៏ក្លៀវក្លារបស់ប្រជាជាតិកម្ពុជា! ជយោព្រះរាជាណាចក្រកម្ពុជា! យើងគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា!
សូមជម្រាបថា «កម្លាំងមហាសាមគ្គីរបស់ជាតិខ្មែរ» បងប្អូនជនរួមជាតិមកពីគ្រប់ទិសទី ទាំងប្រជាពលរដ្ឋរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តជុំវិញ បានមកប្រមូលផ្តុំយ៉ាងច្រើនកុះករ នៅម៉ោង ០៧:០០នាទី ដំណើរថ្មើរជើង Solidarity March នឹងចាប់ផ្តើមចេញដំណើររបស់ខ្លួនឆ្ពោះទៅកាន់វិមានឯករាជ្យ ដើម្បីបង្ហាញទឹកចិត្ត ឆន្ទៈ និងក្តីស្រលាញ់របស់ខ្លួនជូនចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើងដែលកំពុងឈរជើងយ៉ាងរឹងមាំការពារខ្សែបន្ទាត់ព្រំដែន។
ចំពោះការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមកពីគ្រប់ទិសទីទាំងអស់ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។
ជំហររបស់យើងគឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ៕
ដោយ៖ តារា