ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មនុស្សគ្រប់រូបចាំបាច់ត្រូវមានការងារធ្វើ ដើម្បីចិញ្ចឹមជីវភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ពាក្យថា «វិស័យការងារ» គឺផ្តោតទៅលើជីវភាពប្រចាំរបស់ប្រជាពលរដ្ឋ ពីព្រោះមនុស្សយើងកើតមកត្រូវមានការងារ មិនថាតែនៅក្នុងវិស័យកសិកម្មនោះទេ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សូម្បីតែកាលពីជំនាន់ដើម ដែលមនុស្សមិនទាន់កើតជាសហគមន៍ នៅជាមនុស្សព្រៃ មនុស្សភ្នំ ឬមនុស្សកុលសម្ព័ន្ធក្ដី ក៏ត្រូវមានការងារធ្វើដែរ ពោលគឺបរបាញ់សត្វ ដើររកអាហារ ដើម្បីចិញ្ចឹមជីវភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន ១៨១០៨ នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ទំនើបកម្មការងារ បានរៀបចំជាវិស័យផ្សេងៗ ហើយនៅទីនេះ មានវិស័យឧស្សាហកម្ម មានរោងចក្រ ដែលបានប្រមូលផ្តុំ មានលក្ខណៈទំនើបជាងមុន។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា  គឺរាជរដ្ឋាភិបាលបាននិងកំពុងបន្តធ្វើកិច្ចការងារទាំងអស់នេះ អស់រយៈពេលជាង ៤០ឆ្នាំ មកហើយ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ 

គិតមកដល់ពេលនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១០លើកមកហើយតាំងពីកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាក្នុងរយៈពេល ៣ខែដោយជួបជាមួយកម្មករនិយោជិតចំនួនជិត ២០ម៉ឺននាក់។

សម្តេចធិបតីគូសបញ្ជាក់ថា សម្តេចនឹងបន្តជួបជាមួយនឹងកម្មករនិយោជិតចំនួន ២លើកបន្តទៀតក្នុងអាណតិ្តរាជរដ្ឋាភិបាលទី៧នេះ។

សម្តេចតេជោ បានលើកឡើងថា រាល់ពេលសម្តេចចុះជួបសំណេះសំណាលជាមួយកម្មករគឺតែងតែទទួលបានស្នាមថើបជាប់ថ្ពាល់ និងក្តីស្រឡាញ់ពីបងប្អូនកម្មករនិយោជិត។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវប្រើប្រាស់យន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិតឱ្យបានលឿន មិនត្រូវទុកបញ្ហាចោលនោះទេ និងទុកបញ្ហាឱ្យទៅដល់តុលាការនោះទេ។ បើយន្តការអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបានត្រូវបើប្រាស់យន្តការក្រសួង ស្ថាប័នបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការបោះឆ្នោតឆ្នាំ២០២៣ មានអ្នកទៅបោះឆ្នោតជាងប្រាំ បីលាននាក់ ដែលមានចំនួនសរុបជាង ៨៥ ភាគរយ ក្នុងនោះមានជាង ៩០ ភាគរយនៃអ្នកបោះឆ្នោត បានបោះឆ្នោតត្រឹមត្រូវ និងមិនធ្វើឱ្យខូចសន្លឹកឆ្នោត ដូចការអំពាវនាវរបស់ក្រុមប្រឆាំង៕

ដោយ ៖ សហការី


ចែករំលែក៖