ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-កូរ៉េ​៖​ ជួបពិភាក្សាគ្នាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីរបបវិនិយោគ, កាលានុវត្តភាពធុរកិច្ច នីតិវិធីក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​ បានឱ្យដឹងថា​ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេវាពន្ធដារជាតិប្រចាំតំបន់ Jungbu និង Busan ដែលដឹកនាំដោយ លោក Jaehyeon-Han អគ្គនាយកនៃការិយាល័យសេវាពន្ធដារជាតិប្រចាំតំបន់ Jungbu នៅឯទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជំនួបខាងលើមានគោលបំណងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីរបបវិនិយោគ, កាលានុវត្តភាពធុរកិច្ច ក៏ដូចជានីតិវិធីក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ 

ក្នុងឱកាសដ៏ប្រពៃនេះ លោក​ សួន​ សុផល​ បានជម្រាបជូនសមភាគីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការកែលម្អបរិស្ថានវិនិយោគសំដៅបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ, មានតម្លាភាពអាចប៉ាន់ប្រមាណទុកជាមុនបាន, ការផ្តល់កញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃ ព្រមទាំងការការពារ និងធានាវិនិយោគប្រកបដោយមេត្រីភាព។ 

ជាមួយគ្នានេះ លោក​ ក៏រំលេចអំពីវិស័យគន្លឹះមួយចំនួនដែលមានសក្តានុពលក្នុងការវិនិយោគនៅកម្ពុជាដើម្បីច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងបរិស្ថានវិនិយោគដែលបើកចំហ និងអំណោយផល ហើយវិស័យទាំងនោះមានជាអាទិ៍ (១) កសិ-ចំណីអាហារ (២) យានយន្ត (៣) អេឡិចត្រូនិក (៤) ឌីជីថល។ 

បន្ថែមពីនេះ លោក​អគ្គលេខាធិការ​រង​រូបនេះ​ ក៏បានជម្រាបជូនភាគីមិត្តអំពីអត្ថិភាពនៃតុកូរ៉េ (Korea Desk) ដែលជាយន្តការមួយក្នុងចំណោមយន្តការតុវិនិយោគផ្សេងៗ ដែលបាន និងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន៕

ដោយ​៖សហការី​


ចែករំលែក៖