ព័ត៌មានទាន់ហេតុការណ៍៖

អ៉ីស្រាអែលនិងហាម៉ាស់ជិតឈានដល់កិច្ចព្រមព្រៀងស្ដីពីចំណាប់ខ្មាំង

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកជឿជាក់ថា អ៉ីស្រាអែលនិងក្រុមហាម៉ាស់កំពុងខិតកាន់តែកៀកទៅរកកិច្ចព្រមព្រៀងមួយដែលនឹងធានាឱ្យមានការដោះលែងចំណាប់ខ្មាំងមួយចំនួនដែលកំពុងជាប់ក្នុងតំបន់ហ្កាហ្សា បើទោះជាអ៉ីស្រាអែលនៅតែបន្តវាយលុកលើទីក្រុងហ្កាហ្សា ហើយនៅតែមានការបាញ់គ្រាប់រ៉ុក្កែតលើអ៉ីស្រាអែលវិញក៏ដោយ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទក៏បាននិយាយដែរថា លោកផ្ទាល់ជឿជាក់ថា កិច្ចព្រមព្រៀងមួយកំពុងខិតកាន់តែកៀក ហើយអ្នកនាំពាក្យសេតវិមាន លោក John Kirby បានគូសបញ្ជាក់ថា កិច្ចចរចាខិតកាន់តែកៀកជាងមុនទៅរកកិច្ចព្រមព្រៀងមួយស្ដីពីចំណាប់ខ្មាំង។ តែមិនបានលម្អិតអ្វីលើសពីនេះនោះទេ។
គួរបញ្ជាក់ថា នៅក្នុងការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស់បានសម្លាប់មនុស្ស ១២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់មនុស្ស២៤០នាក់ជាចំណាប់ខ្មាំង។ ប៉ុន្តែចាប់ពីពេលនោះមកដែរ អ៉ីស្រាអែលបានបើកការវាយប្រហារសងសឹកទាំងតាមរយៈ ការទម្លាក់គ្រាប់បែកនិងប្រតិបត្តិការយោធាជើងគោកលើតំបន់ហ្កាហ្សាដោយសម្លាប់មនុស្ស ១៣,៣០០នាក់ ក្នុងនោះមានកុមារយ៉ាងហោច៥៦០០នាក់ និងស្ត្រី ៣៥៥០នាក់។ នេះបើតាមក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សាបានប្រាប់ឱ្យដឹង។
ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍ដែរថាប្រទេសកាតារ កំពុងសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ ដោយដោះដូរចំណាប់ខ្មាំង៥០នាក់ ជាមួយបទឈប់បាញ់មួយមានរយៈពេល៣ថ្ងៃ ដែលនឹងជួយសម្រួលដល់ការផ្ដល់ជំនួយ មនុស្សធម៌សម្រាប់ជនស៊ីវិល៕ ដោយ៖ ធីរីណា

រូប​ថត​៖ CNN


ចែករំលែក៖