ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា , យោងតាមការចុះផ្សាយនៅគេហទំព័រនិងបណ្តាញសង្គមរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃចន្ទ-អង្គារ ៨-៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ បានចាត់លោកបណ្ឌិត ម៉ុង ឡាមី ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ នៃនាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ ចូលរួមសន្និសីទពន្ធដារកម្រិតខ្ពស់ថ្នាក់តំបន់ ដែលរៀបចំលើកដំបូងជាលក្ខណៈរូបវន្តដោយ ADB ដោយមានការចូលរួមពី លោក សុត គីមសុន ប្រធានការិយាល័យគោលនយោបាយហិរញ្ញវត្ថុសាធារណៈ នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក ជុំ សាមឺឌី ប្រធានការិយាល័យពន្ធចំណេញមូលធនទី១ និងលោក តាំង ហៀងប៊ុង អនុប្រធានការិយាល័យពន្ធចំណេញមូលធនទី២ នៃនាយកដា្ឋនពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃ អពដ ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ សន្និសីទនេះ ក៏មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ផ្នែកគោលនយោបាយសារពើពន្ធ និងជំនាញការមកពីរដ្ឋបាលសារពើពន្ធ និងក្រសួងហិរញ្ញវត្ថុ ចំនួន១៤៩រូប នៃ ៤២ប្រទេស ព្រមទាំងបណ្តាអង្គការ-ស្ថាប័នអន្តរជាតិ ជាច្រើនដូចជាអង្គការសម្រាប់កិច្ចសហប្រតិប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD), មូលនីធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB), និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។
សូមបញ្ជាក់ថា ADB បានដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលពន្ធអាស៊ីប៉ាស៊ីហ្វិក (the Asia Pacific Tax Hub – APTH) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ ក្នុងឆ្នាំ២០២១ ដែល APTH នេះគឺជាវេទិកាបើកចំហ និងប្រកបដោយបរិយាបន្ន សម្រាប់កិច្ចសន្ទនាគោលនយោបាយជាយុទ្ធសាស្ត្រ ការចែករំលែកចំណេះដឹង និងការសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ក្នុងចំណោមប្រទេសសមាជិក ADB និងដៃគូអភិវឌ្ឍន៍។ លេខាធិការដ្ឋាន APTH បានរៀបចំសន្និសីទពន្ធថ្នាក់តំបន់កម្រិតខ្ពស់លើកដំបូង ដោយបានផ្តោតលើសារៈសំខាន់នៃការកៀរគរធនធានក្នុងស្រុក ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងតួនាទីស្នូលរបស់ APTH នៅក្នុងរបៀបវារៈពន្ធនៅអាស៊ីប៉ាស៊ីហ្វិក។ ព្រឹត្តិការណ៍នេះបានប្រារព្វក្នុងខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ដោយបានប្រមូលផ្តុំមន្ត្រីគោលនយោបាយសារពើពន្ធ និងទីភ្នាក់ងាររដ្ឋបាលនៃប្រទេសសមាជិក ADB, តំណាងជាន់ខ្ពស់នៃដៃគូអភិវឌ្ឍន៍ (IMF, OECD, និង WB) បុគ្គលិករបស់ ADB និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមចែករំលែកបទពិសោធន៍របស់ពួកគេ និងបានបំផុសគំនិតក្នុងកិច្ចប្រជុំរួម និងប្រជុំតាមក្រុម/ផ្នែក។
ជាលទ្ធផល សន្និសីទនេះបានផ្តល់នូវពុទ្ធិ ចំណេះដឹង និងបទពិសោធន៍ ដូចជា៖
-សារៈសំខាន់នៃចំណូលពន្ធលើអចលនទ្រព្យដែលជាប្រភពចំណូលពន្ធមានលក្ខណៈនិរន្តរភាពសម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍនមូលដ្ឋាន ដែលមិនគួរមើលរំលង
-ការពង្រឹងអនុលោមភាព និងការបន្ថយចំណាយរដ្ឋបាល តាមរយៈការកែទម្រង់រដ្ឋបាលសារពើពន្ធ និងឌីជីថលូបនីយកម្មក្នុងមុខងារសេវអ្នកជាប់ពន្ធ
-ការសិក្សានៃគោលនយោបាយសារពើពន្ធ ក្នុងការកែលម្អស្ថានភាពទីផ្សារការងារនិងប្រាក់ចំណូលរបស់ស្ត្រី ដើម្បីបន្ថយគន្លាតយេនឌ័រ
-ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងមុខងារសេវាកម្មពន្ធដារ និងមុខងាររដ្ឋបាលសារពើពន្ធដារ ដូចជាការទំនាក់ទំនងរវាងរដ្ឋបាលសារពើពន្ធនិងអ្នកជាប់ពន្ធដារ ការស្វែងរកព័ត៌មានសម្រាប់សវនកម្មពន្ធដារ។ល។
-យុទ្ធសាស្ត្រនៃការកាត់បន្ថយការគេចពន្ធចំពោះការមិនចេញវិកយបត្រពន្ធ ឬមិនបង់អាករលើតម្លៃបន្ថែមមករដ្ឋបាលសារពើពន្ធ តាយរយៈការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការចាប់ឆ្នោតផ្សងសំណាងតាមរយៈវិកយបត្រ និងការតម្រូវឱ្យមានការចេញវិក័យបត្រដោយប្រព័ន្ធអេឡិចត្រូនិក
-សារៈសំខាន់នៃការសិក្សានិងគ្រប់គ្រងហានីភ័យអនុលោមភាពអ្នកជាប់ពន្ធ ជាដើម ៕
ដោយ ៖ សិលា