ព័ត៌មានទាន់ហេតុការណ៍៖

ចិនគាំទ្រចំពោះសមាជិកថ្មីរបស់ BRICS បើទោះបីប្រទេស អាហ្សង់ទីនមិនចង់ចូលរួមក្តី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ចិនបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនកាលពីថ្ងៃ២០ខែវិច្ឆិកា ចំពោះប្រទេសដែលមានបំណងក្លាយជាសមាជិកនៃសមាគមប្រទេស BRICS បើទោះបីជាអាហ្សង់ទីនបង្ហើបថា អាចនឹងមិនធ្វើដូច្នេះទៀតក្តី។
អាហ្សង់ទីនស្ថិតក្នុងចំណោមប្រទេសចំនួន៦ដែលត្រូវបានអញ្ជើញឲ្យក្លាយជាសមាជិកថ្មីនៃ BRICS ក្នុងកិច្ចប្រជុំកំពូលនៅអាហ្វ្រិកខាងត្បូង កាលពីខែសីហា។ ទោះជាយ៉ាងនេះក្តី ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA បានដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនបន្ទាប់ក្នុងអាណត្តិរដ្ឋាភិបាលថ្មីរបស់អាហ្សង់ទីន គឺលោកស្រី Diana Mondino ដែលនិយាយថា អាហ្សង់ទីនទំនងជានឹងមិនចូលជាសមាជិករបស់ BRICS នោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានថា លោកស្រីមិនបានដឹងពីការអត្ថាធិប្បាយរបស់ លោកស្រី Mondino នោះទេ។ លោកស្រី Mao បានបញ្ជាក់ថា «អ្វីដែលខ្ញុំចង់និយាយគឺថា យន្តការកិច្ចសហប្រតិបត្តិការ BRICS គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ទីផ្សារដែលកំពុងរីកចម្រើននិងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានការពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរក្សាផលប្រយោជន៍រួម។ យើងស្វាគមន៍ប្រទេសណាដែលចាប់អារម្មណ៍ ក្លាយជាសមាជិកនៃគ្រួសារ BRICS»។
ក្រៅពីអាហ្សង់ទីន អារ៉ាប៊ីសាអ៊ូឌីត អ៉ីរ៉ង់ អេត្យូពី អេហ្ស៉ីប និងអេមីរ៉ាត់អារ៉ាប់រួម គឺជាប្រទេសចំនួន ៥ផ្សេងទៀតដែលត្រូវបានអញ្ជើញឱ្យចូលរួមជាសមាជិករបស់ BRICS៕

ដោយ៖ ធីរីណា


ចែករំលែក៖