ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ដឹកនាំដោយលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បានឆ្លៀតយកឱកាសនេះដើម្បីថ្លែងអំណរគុណ និងថ្លែងការកោតសរសើរចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានគាំទ្របេសកកម្មកន្លងមករបស់អង្គការក្នុងការការពារព្រៃភ្នំក្រវាញ តួយ៉ាងដូចជាគម្រោងសាងសង់ផ្លូវជាតិលេខ១០ នៅក្នុងអាណត្តិទី៦ ដែលខ្សែផ្លូវនេះត្រូវបានស្ថាបនាឡើងដោយបានគិតគូយ៉ាងហ្មត់ចត់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ព្រៃឈើក្នុងតំបន់ភ្នំក្រវាញ។
សូមជម្រាបថាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ២០០០ តាមរយៈការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិរក្សព្រៃភ្នំក្រវាញ៕
ដោយ៖សហការី