ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យើងត្រូវនាំគ្នាថែរក្សាសមិទ្ធផលដែលសម្រេចបាន ជាពិសេសស្ថិរភាព និងសុខសន្តិភាពឱ្យបានគង់វង្ស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអណត្តិថ្មីនេះ មានគោលដៅធំៗចំនួន២ គឺទី១ ត្រូវថែរក្សាសមិទ្ធផលវិជ្ជមានទាំងអស់ដែលសម្រេចបានដោយលំបាកក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ ការពារសន្តិភាព និងថែរក្សាកំណែទម្រង់ដែលយើងខំធ្វើ។ ចំណែកចំណុចទី២ គឺត្រូវពង្រីក កែលម្អ ជួសជុល និងដោះស្រាយនូវបញ្ហាដែលនៅសេសសល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញចុះជួបកម្មករ និយោជិត ចំនួន ១៨១០៨ នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា មានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលប្ដេជ្ញាកែលម្អឱ្យបានល្អប្រសើរនូវចំណុចអវិជ្ជមាន និងបង្កើនចំណុចវិជ្ជមាន ដើម្បីទាញផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។ 

រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងឥតឈប់ឈរ ចូលរួមជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីឱ្យប្រជាជនទទួលបាននូវការលើកកម្ពស់ទាំងកម្រិតជីវភាព និងកិច្ចគាំពារសង្គម ។ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញសូចនាករជាគោលដៅធំៗចំនួន ៥ ដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កំណើនសេដ្ឋកិច្ច, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ក្នុងរយៈពេល ៥ ឆ្នាំ ទៅមុខ ។ ក្នុងនេះ មានកិច្ចការចំនួន ៣ ដែលជាអាទិភាពចម្បង គឺ៖ ទី១.កំណើនសេដ្ឋកិច្ច៖ ការជំរុញឱ្យសេដ្ឋកិច្ចកាន់តែមានកំណើនទ្បើងលើគ្រប់វិស័យទាំងអស់, ទី២. ការងារ៖ ការពង្រីកមូលដ្ឋាននៃការបង្កើតការងារឱ្យបានទូលំទូលាយ និងទី៣. សមធម៌៖ ការចែកផលលាភទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពលំបាកជាងគេ ។ ទាំងនេះ គឺជាចំណែកនៃការជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់ ។

សម្តេចធិបតី បានបន្តទៀតថា ក្នុងរយៈពេល ៩០ ថ្ងៃ រាប់ចាប់តាំងពីថ្ងៃចាប់ផ្តើមការងារ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ដោយឈរលើមូលដ្ឋាន ២ គឺ ថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាង និងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗ ដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅទៀត ។ ក្នុងន័យនេះ, ចំពោះវិស័យការងារ រាជរដ្ឋាភិបាលបាន និងកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយលើកកម្ពស់សុខុមាលភាពកម្មករ-និយោជិត ស្របតាមអនុសាសន៍ទាំង ១០ ចំណុចរបស់ សម្ដេចតេជោ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្ដីប្រាថ្នារបស់ កម្មករ-និយោជិត ។ ជាក់ស្ដែង, រាជរដ្ឋាភិបាលបានបន្តតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតពីមួយឆ្នាំទៅមួយឆ្នាំ ជាបន្តបន្ទាប់ ។ បន្ថែមពីនេះ, បងប្អូនក៏ទទួលបាននូវការពិនិត្យ និងព្យាបាលជំងឺដោយមិនមានការបង់ប្រាក់តាមរយៈបេឡាជាតិសន្តិសុខសង្គម, ការតម្រូវឱ្យនិយោជកបង់ភាគទានជំនួសបងប្អូនកម្មករ-និយោជិត ១០០% ក្នុងផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ និងការទទួលបានរបបសោធននិវត្តន៍ នៅពេលដែលបងប្អូនចូលនិវត្តន៍ជាដើម ។ សមិទ្ធផលទាំងអស់នេះ គឺសុទ្ធសឹងតែជាលទ្ធផលកើតចេញពីការខិតខំអនុវត្តដោយជោគជ័យនូវអនុសាសន៍ទាំង ១០ ចំណុច របស់ សម្ដេចតេជោ ហើយរាជរដ្ឋាភិបាលនឹងបន្តជំរុញការអនុវត្តនូវអនុសាសន៍ទាំងអស់នេះឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត ។ ទន្ទឹមនឹងនេះ តាមរយៈ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និង កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលជាកម្មវិធីសំខាន់ ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលបានប្រកាសដាក់ឱ្យអនុវត្តភ្លាមនៅមុនដំណាច់ឆ្នាំ២០២៣ នេះ 

ដោយ ៖ សិលា


ចែករំលែក៖