ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ កំពុងបន្តការសាកសួរលើ ជនសង្ស័យចំនួន៣៣នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្ត ការសាកសួរលើ ជនសង្ស័យចំនួន៣៣នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់។

សូមបញ្ជាក់ផងដែរថា កាលពី រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានបញ្ជូនក្រុមជន សង្ស័យពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងគោលបំណងដើម្បីជម្រិតទារប្រាក់ ទៅតុលាការចំនួន៣៣ នាក់ ក្នុងនោះមានជនជាតិចិនដីគោក៣១ នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀត ណាមម្នាក់។ ដោយឡែកចំពោះខ្មែរចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យទៅផ្ទះវិញ ព្រោះពួកគេសុទ្ធសឹងជាកម្មករ ស៊ីឈ្នួលដាំបាយ និងជូតផ្ទះឲ្យជនជាតិចិនមួយក្រុមនោះ ។ 

គួររំលឹកផងដែរ កាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវបានធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនជនសង្ស័យចំនួន ៤១នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សនិងអនឡាញខុសច្បាប់ នៅចំណុចមុខសាលាអូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការចុះបង្ក្រាប់នេះធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងពីនារីម្នាក់ជាជនជាតិវៀតណាម អាចនិយាយភាសាខ្មែរ បានអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានគេចាប់ជំរិតទារប្រាក់ចំនួន២៥០០ដុល្លារ ក្រោយពីពួកគេល្បួងឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជនបានចាប់បញ្ជូនមកកាន់រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយឡែក ស្ត្រីជាបងស្រីរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា  នាអំឡុងពេលដែលអាជ្ញាធរនាំមកកាន់ទីតាំងចាប់បង្ខាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ត្រីជាបងជនរងគ្រោះបញ្ជាក់ថា ប្អូនប្រុសរបស់នាងបានផ្ញើសារទីតាំងដែលក្រុមចាប់ជំរិតនោះមកឱ្យនាង ទើបបានជានាងដឹងទីតាំងច្បាស់បែបនេះ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមកទីតាំងខាងលើនេះតែម្ដង។

ក្នុងរង្វង់ប្រតិបត្តិការនេះយោងតាមរបាយការណ៍កម្លាំងនគរបាលបានឲ្យដឹងថាកាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣  កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះដល់ទីតាំងឡោមព័ទ្ធមួយកន្លែងនិងឃាត់ខ្លួនជនសង្ស័យចំនួន៤១នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន ៣៣នាក់ ស្រីម្នាក់ ជនជាតិខ្មែរចំនួន៨នាក់។ 

ក្រោយប្រតិបត្តិការកម្លាំងជំនាញបានធ្វើការដកហូតរថយន្តចំនួន៤ គ្រឿងរួមមានរថយន្តម៉ាករ៉ូសរ៉ូយមួយគ្រឿង ម៉ាកធន់ត្រាមួយគ្រឿង ម៉ាកអាល់ហ្វាតមួយគ្រឿង ម៉ាកឡង់គ្រីស័រ មួយគ្រឿង ទូរស័ព្ទដៃចំនួន ១៧ គ្រឿង និងម៉ូតូ០២ គ្រឿង៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖