ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ អញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង។ ជាមួ​យ​នោះ ក៏មានការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតផងដែរ។

ការផ្លាស់ប្តូរមេដឹកនាំរាជរដ្ឋាភិបាលដែលរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម បានផ្តល់នូវ​ម្លប់​ដ៏ត្រជាក់​សម្រាប់ជាតិកម្ពុជា ហើយដំណើរអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ជាតិនៅតែបន្តរក្សា។ សមិទ្ធ​ផលដែលសាងសង់ក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាបន្តបន្ទាប់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។ រយៈ​ពេល៣ខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ពោធសមិទ្ធផលជាច្រើន រួមមានមន្ទីរ​ពេទ្យ​តេជោ​សន្តិ​ភាព, អគារដ្ឋបាលខេត្តកំពង់ស្ពឺ, ស្ពានបេតុងខ្សែកាបកោះនរា និងអាកាសយានដ្ឋានសៀមរាបអង្គរ។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដើមឡើយមានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីស្ពានព្រែកក្តាម ខេត្តកណ្តាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បែងចែកជា ៣កំណាត់ រួមមាន៖ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវភាគកណ្ដាល(ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ប្រើប្រាស់រយៈពេល សាង​សង់​សរុបចំនួន ៧ឆ្នាំ និងចំណាយថវិកាសរុបប្រមាណ ៦៩១លានដុល្លារអាម៉េរិក ដែលជាឥណ​ទាន​សម្ប​ទានពីរដ្ឋាភិបាលប្រទេសជប៉ុន។

ក្នុងនោះកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) បានសម្ពោធបើកឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាល​ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ដោយឡែកកំណាត់ផ្លូវចំនួនពីរទៀត រួមមានកំណាត់ផ្លូវភាគ​ខាងត្បូង និងកំណាត់ផ្លូវភាគកណ្ដាល បានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៣ និងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)៖ ប្រវែង ១៣៥,២៥គីឡូម៉ែត្រ មានចំណុច ចាប់ផ្តើមពីស្ពានព្រែកក្តាម ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងនោះមាន​ការ​សាង​សង់ស្ពានថ្មី និងជួសជុលស្ពានចាស់ ចំនួន ៣៣កន្លែង ប្រវែងសរុប ៧៤៩ម៉ែត្រ និងបានដាក់លូ ចំនួន ២៤៥កន្លែង។

កំណាត់ផ្លូវភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង)៖ ប្រវែង ១១០,៩០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី​ធ្លា​ម្អម ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ក្នុងនោះមានការសាងសង់ ស្ពានថ្មី និងជួសជុល​ស្ពាន​ចាស់ចំនួន ៣១កន្លែង ប្រវែងសរុប ១,៤១៨ម៉ែត្រ និងបានដាក់លូចំនួន ១៣០កន្លែង។

កំណាត់ផ្លូវទាំងពីរនេះត្រូវបានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសដូចគ្នា រួមមាន៖ ការលើកកម្រិត​គុណ​ភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ​នៅក្នុងទី​ប្រជុំ​ជនប្រវែង ២៩ម៉ែត្រ និងទទឹងតួផ្លូវក្រៅទីប្រជុំជនប្រវែង ២៣ម៉ែត្រ និងមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ-២គន្លងមក)។

កំណាត់ផ្លូវទាំងពីរនេះក៏បានរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ និងការដាំដើមឈើ ដើមផ្កាលម្អនៅ​តាម​សួនពុះទ្រូងផ្លូវ និង​អមសងខាងផ្លូវវាងទីប្រជុំជនផងដែរ។

កំណាត់ផ្លូវទាំងពីរនេះ បានចំណាយថវិកាសាងសង់សរុបចំនួន ៤០៨,៤៣លានដុល្លារអាម៉េរិក ក្នុងនោះ​កំណាត់ផ្លូវភាគខាងត្បូង ចំណាយថវិកាចំនួន ២៤៦,៥៣លានដុល្លារអាម៉េរិក និងកំណាត់​ផ្លូវ​ភាគ​កណ្តាលចំណាយថវិកាចំនួន ១៦១,៩០លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទាន​ពីរដ្ឋា​ភិបាល​នៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន(JICA) រួមទាំងថវិកា​បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការ ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវទាំងពីរខាងលើហើយនោះ រាជរដ្ឋាភិបាលក៏ចាប់ផ្តើមបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ ទៅប៉ោយប៉ែត ប្រវែង ៣៥,១៤គីឡូម៉ែត្រផងដែរ។ ការសាងសង់នេះ ជាការស្នើសុំបន្ថែម ដើម្បីតភ្ជាប់ផ្លូវជាតិលេខ៥ ឱ្យទៅដល់ក្រុងប៉ោយប៉ែត និងព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត-អារញ្ញប្រាថេត)។

គម្រោងនេះនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូAC មានកម្រាស់ ១៥សង់ទីម៉ែត្រ ពង្រីកទទឹង​តួផ្លូវនៅក្នុងទីប្រជុំជនប្រវែង ២៩ម៉ែត្រ និងទទឹងតួផ្លូវក្រៅទីប្រជុំជនប្រវែង ២៣ម៉ែត្រ ដែលមានស្តង់ដារ​រួម​តែមួយដូចគ្នាទៅនឹងកំណាត់ផ្លូវជាតិលេខ៥ ផ្សេងទៀត។

គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ ហើយគ្រោងបញ្ចប់នៅអំឡុងខែមីនា ឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ៥២,៥៦លានដុល្លារអាម៉េរិកបន្ថែមទៀត។ ប្រាក់​សាង​សង់នេះ ជាឥណទានសម្បទានពីរដ្ឋាភិបាលប្រទេសជប៉ុន រួមជាមួយថវិកា​​បដិភាគ​របស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាចំណងដៃដ៏ពិសិដ្ឋរបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់ នៅតាម​បណ្ដោយ​ផ្លូវជាតិលេខ៥ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ។ ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយក៏ជាខ្សែផ្លូវសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលដែលបានតភ្ជាប់ទំនាក់ទំនងរូបវន្តរវាងស្ថាប័ន និងប្រជាជន ដោយរាប់ចាប់ពីរាជធានី ភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្ត ជាប់ព្រំប្រទល់ផ្សេងៗដទៃទៀត។

ផ្លូវមួយខ្សែនេះ ក៏ជាខ្សែផ្លូវមេមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិសំខាន់ៗ រួមមានដូចជា៖ តភ្ជាប់​ជា​មួយ​ផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៦១ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល, តភ្ជាប់ជាមួយ​ផ្លូវ​ជាតិលេខ៥០C ផ្លូវជាតិលេខ៥២ ផ្លូវជាតិលេខ៥៣ និងផ្លូវជាតិលេខ៥៣A នៅក្នុងភូមិសាស្ត្រ​ខេត្ត​កំពង់​ឆ្នាំង, តភ្ជាប់ជាមួយផ្លូវជាតិ លេខ៥៣B ផ្លូវជាតិលេខ៥៤ និងផ្លូវជាតិលេខ៥៥ នៅក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់, តភ្ជាប់ ជាមួយផ្លូវជាតិលេខ៥៧ និងផ្លូវជាតិលេខ៥៧B នៅក្នុងភូមិសាស្ត្រខេត្ត​បាត់​ដំបង, តភ្ជាប់ជាមួយ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥៦ ផ្លូវជាតិលេខ៥៦០ ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិ​លេខ៥៩ នៅ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងតភ្ជាប់ទៅកាន់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ប៉ោយប៉ែត-អារញ្ញប្រាថេត)។

នៅក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបាន​តភ្ជាប់​គ្នារវាងទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិត ក្នុងរបៀងសេដ្ឋកិច្ច​ភាគខាងត្បូងដ៏មានសក្តានុពល ដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងខ្លាំង នៅក្នុងមហា​អនុ​តំបន់​មេគង្គ​(GMS) ក៏ដូចជាតំបន់អាស៊ានផងដែរ៕

ដោយ៖ ស តារា


ចែករំលែក៖