ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ច ប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនទៀតដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧គ្រោងរៀបចំព្រះរាជពិធី បុណ្យនេះឲ្យបានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធី បុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ ។ កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ។
លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកមេបញ្ជាការដឹកនាំគោល ដៅត្រូវចាប់ផ្តើមចុះទៅដល់គោលដៅជាក់ស្តែងដែលត្រូវការពារដើម្បីបែងចែកកម្លាំងការពារឱ្យមានការទទួលខុសត្រូវ និងពិនិត្យឱ្យបានច្បាស់លាស់ទៅលើការប្រើប្រាសកម្លាំង មធ្យោបាយ ភូមិសាស្រ្ត សភាព ការណ៍ និងគោលដៅឈរជើង ដើម្បីឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារឱ្យមានប្រសិទ្ធភាព។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំឱ្យមានការប្រើប្រាស់កម្លាំង ល្បាត ត្រួតពិនិត្យ ជាប្រចាំនៅតំបន់ប្រារព្ធពីធីនិងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរ បាលខណ្ឌទាំង១៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីតៀមជំនួយចេញអន្តរាគមន៍រាល់សភាព ការណ៍ដែលត្រូវចាំបាច់។ ណែនាំកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញាដើម្បីទប់ស្កាត់អំពើលួច ដើម្បីថែរក្សាទ្រព្យ សម្បត្តិប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យសប្បាយ រីកបរាយ។ ដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោល ដៅនានារងចាំទទួលបណ្តឹងនិងចេញដោះស្រាយនៅ ពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ចដែលមានបញ្ហាផ្សេងៗ។
សិក្សាចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមក លេងកម្សាន្តដើម្បីដោះស្រាយបញ្ហាកកស្ទះនិងកម្លាំងដែលត្រូវបិទគោលដៅសំខាន់ៗត្រូវអនុវត្តឱ្យបានដោយម៉ឺងម៉ាត់មិនអនុញ្ញាតឱ្យមធ្យោបាយចូលក្នុងតំបន់ប្រារព្ធពិធីនោះឡើយ លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។ ដោះស្រាយការកកស្ទះចរាចរណ៍ទាំងនៅតាមច្រកចេញចូលរាជធានីភ្នំពេញផ្លូវជាតិទាំង៦ខ្សែ និងការបញ្ចៀសចរាចរណ៍ដើម្បីដោះស្រាយបញ្ហាកកស្ទះនៅក្នុងតំបន់ខាងក្នុង។ ណែនាំឱ្យមានកិច្ចសហការល្អពីបណ្តាអង្គភាពពាក់ព័ន្ធដែលមានតួនាទីភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពនៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ៕
ដោយ៖ សូរិយា