ភ្នំពេញ ៖ តោះ! ទៅទស្សនារូបភាព និងស្វែងយល់ពីព័ត៌មានសំខាន់ៗមួយចំនួន នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដែលនឹងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៃកំណាត់ផ្លូវពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានកំណាត់ចុងក្រោយ ចាប់ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ វិច្ឆិកា ២០២៣ ខាងមុខនេះ។ ជាការបញ្ជាក់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នីតិកាលទី៦ នៃរដ្ឋសភា។ គម្រោងនេះមានប្រវែង ៣៦៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវ បេតុងកៅស៊ូ (AC) ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដោយមានចំណុចចាប់ផ្ដើម ពីព្រែកក្តាម ខេត្តកណ្ដាល និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបែងចែកជា ៣កំណាត់ គឺ៖ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។
ដូចដែលបានដឹងស្រាប់ហើយថា “ផ្លូវ” ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលរួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ គឺពិតជាចូលរួមធ្វើឱ្យគន្លឹះអាទិភាព របស់រាជរដ្ឋាភិបាលកាន់តែរឹងមាំ ហើយនឹងជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនឱ្យកាន់តែខ្លាំងថែមទៀត៕
ដោយ ៖ សិលា