ព័ត៌មានទាន់ហេតុការណ៍៖

សមយុទ្ធពហុសាសន៍ «សន្តិភាព មិត្តភាព-ឆ្នាំ២០២៣» បានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃ២២ខែវិច្ឆិកានេះ

ចែករំលែក៖

(ក្វាងតុង)៖ បន្ទាប់ពីបានហ្វឹកហ្វឺនរួមគ្នាអស់រយៈពេល៩ថ្ងៃ ការធ្វើសមយុទ្ធពហុសាសន៍ ដែលមានឈ្មោះថា «សន្តិភាព មិត្តភាព-ឆ្នាំ២០២៣» នៅក្រុងចាំងជាំង ខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពមេបញ្ជាការជាន់ខ្ពស់ នៃបណ្តាប្រទេសចូលរួមទាំង៦ រួមមាន: ចិន កម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ និងវៀតណាម។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទសមយុទ្ធនោះ បានថ្លែងអំណរគុណកងទ័ពរំដោះប្រជាជនចិន ចំពោះការផ្តួចផ្តើមធ្វើជាម្ចាស់ផ្ទះសមយុទ្ធពហុសាសន៍នេះឡើង ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសនៅក្នុងតំបន់ សំដៅជំរុញកិច្ចសហប្រតិបត្តិការយោធា និងចក្ខុវិស័យសន្តិសុខរួមក្នុងតំបន់។

នាយឧត្តមសេនីយ៍ បានវាយតម្លៃការធ្វើសមយុទ្ធរួមគ្នានេះថា ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងកងទ័ពទាំង៦ប្រទេសដែលបានចូលរួម ហើយពិតជាផ្តល់នូវសារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ព ដូចជាការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក របៀបដឹកនាំបញ្ហាយុទ្ធវិធីផ្សេងៗគ្នា យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។ 

ទន្ទឹមនេះ សមយុទ្ធក៏បានធ្វើឱ្យកងទ័ពពង្រឹងបាននូវទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួល រស់នៅ និងធ្វើការងាររួមគ្នាជាមួយជាតិសាសន៍ដទៃក្នុងពេលធ្វើប្រតិបត្តិការរួម ដើម្បីឆ្លើយតបមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការទាំងថ្នាក់ជាតិ អន្តរជាតិ ចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមានជាយថាហេតុ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានសម្តែងការជឿជាក់ថា សមយុទ្ធពហុសាសន៍ «សន្តិភាព មិត្តភាព»នេះ នឹងបន្តរីកចម្រើនជាលំដាប់ និងមានការចូលរួមពីបណ្តាប្រទេសនានានៅក្នុងតំបន់កាន់តែច្រើនថែមទៀតនាពេលអនាគត ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

បើតាមសេចក្តីរាយការណ៍ថា នេះជាលើកទីមួយដែលប្រទេសចិនបានរៀបចំធ្វើសមយុទ្ធ “សន្តិភាព មិត្តភាព” នេះឡើង និងមានប្រទេសជាច្រើនចូលរួម ក្នុងគោលបំណងលើកកំពស់សមត្ថភាពភាគីដែលចូលរួម សម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្មនៅទីក្រុង និងដែនសមុទ្រ ប្រតិបត្តិការប្រឆាំងការលួចឆ្លងដែន ដើម្បីបង្កើនទំនុកចិត្តគ្នាខាងយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែង៕

ដោយ៖ សិលា


ចែករំលែក៖