ខេត្តព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងលោកអភិបាលខេត្ត ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមហឺហួយ (Hehui) ដែលមានសមាសភាពសរុបប្រមាណ ៩រូប ដឹកនាំដោយលោកប្រធាន វ៉ាង ឈុនហួយ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូហឺហួយ មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពី ការអភិវឌ្ឍកំពង់ផែ និងជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។ ដំណើរទស្សនៈកិច្ចនេះជាការអញ្ជើញមកសិក្សាបន្ថែមលើកទី២ បន្ទាប់ពីដំណើរទស្សនៈស្វែងយល់បឋមដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមកសាជាថ្មី និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ដែលក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុបាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែកទៅលើវិស័តទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។
បន្ថែមពីលើនេះ លោកអភិបាលរងបានលើកឡើងពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផលដល់វិនិយោគិននៅកម្ពុជា។
ជាមួយគ្នានេះ សមាជិក នៃប្រតិភូបានលើកឡើងថា ពេលនេះជាពេលដែលសមរម្យបំផុតសម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលខេត្តនេះបានបំពេញគ្រប់លក្ខខ័ណ្ឌវិនិយោគទាំង៣របស់ជនជាតិចិនជាអាទិ៍៖
១.កាលានុវត្តភាព
២.យុទ្ធសាស្ត្រទីផ្សារ
៣.មនុស្ស។
បន្ថែមពីនេះ ប្រតិភូបានបង្ហាញគោលបំណងនៃការវិនិយោគទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យហិរញ្ញវត្ថុ, កសិឧស្សាហកម្ម, ភស្តុភារកម្មសមុទ្រ, និង ជលយានដ្ឋានផងដែរ៕
ដោយ៖ សហការី