សហគមន៍អន្តរជាតិបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់បទឈប់បាញ់ទាំងស្រុងនៅហ្គាហ្សា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែវិច្ឆិកា ដើម្បីឱ្យហាម៉ាស់ដោះលែងចំណាប់ខ្មាំង ៥០នាក់ និងអុីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ១៥០នាក់។
ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានថា ការគំរាមកំហែងនៃការផ្ទុះរាលដាលសង្រ្គាមក្នុងតំបន់ហ្កាហ្សា នឹងកាន់តែរីកធំឡើង ប្រសិនបើបទឈប់បាញ់រវាងអ៉ីស្រាអែលនឹងហាម៉ាស់មិនឋិតថេរយូរអង្វែងទេនោះ។
លោក Amir-Abdollahian បានធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al-Mayadeen នាឱកាសបំពេញទស្សនកិច្ចទៅកាន់ទីក្រុងបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់រូបនេះក៏បានបញ្ជាក់ជាថ្មីដែរថា អ៉ីរ៉ង់មិនមានចេតនាឬចង់ពង្រីកសង្រ្គាមឱ្យកាន់តែធំនោះទេ ប៉ុន្តែបានបន្ថែមថាប្រសិនបើសង្រ្គាមរវាងអ៉ីស្រាអែល នឹងក្រុមហាម៉ាស់នៅតែអូសបន្លាយ ឬផ្ទុះឡើងកាន់តែខ្លាំង នោះគឺគំរាមកំហែងនៃការផ្ទុះរាលដាលសង្រ្គាមចេញពីតំបន់ហ្កាហ្សា ក៏កាន់រីកធំឡើងដូចគ្នាដែរ។
គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីថ្ងៃពុធនោះដែរ បាននិយាយថា បទឈប់បាញ់បណ្ដោះអាសន្នរយៈពេល៤ថ្ងៃ និងការដោះលែងចំណាប់ខ្មាំងនឹងត្រូវពន្យារពេល រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ដែលនេះជាការបង្អាក់ក្ដីសង្ឃឹមរបស់ក្រុមគ្រួសារសាច់ញាតិដែលរំពឹងថា ចំណាប់ខ្មាំងមួយចំនួននឹងត្រូវបានដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ។
អ៉ីស្រាអែលនិងក្រុមហាម៉ាស់ក្រោមការសម្របសម្រួលពីប្រទេសកាតារ កាលពីថ្ងៃពុធទី២២ ខែវិច្ឆិកានេះបានប្រកាសរៀងៗ ខ្លួនពីការឈានដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់រយៈពេល ៤ថ្ងៃ ដើម្បីដោះដូរជាមួយចំណាប់ខ្មាំង ៥០នាក់។ ចំណែកក្រុមហាម៉ាស់វិញក៏បានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍បទឈប់បាញ់នេះដែរ ដោយអះអាងថានឹងនាំទៅរកការដោះលែងជនជាតិប៉ាឡេស្ទីន ១៥០នាក់ពីពន្ធនាគារអ៉ីស្រាអែល។
ក្រុមហាម៉ាស់ត្រូវបានជឿជាក់បានចាប់មនុស្សជាង ២៤០នាក់ជាចំណាប់ខ្មាំងក្នុងការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ៕ ដោយ៖ ធីរីណា
រូបថត៖ AP