ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ចាត់ទុកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ជាវេទិកាដ៏សំខាន់ក្នុងការពិភាក្សានិងប្តូរយោបល់ជុំវិញសមិទ្ធផល បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដូចគ្នានឹងរាជរដ្ឋាភិបាលអាណត្តិមុនៗដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុក «សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣»  ស្តីពី  «ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន» ជាវេទិកាមួយដ៏សំខាន់ ដែលផ្តល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ជាពិសេសស្ថាប័នស្រាវជ្រាវ បានពិភាក្សានិងប្តូរយោបល់គ្នាជុំវិញសមិទ្ធផល បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង និងភាពបត់បែនទៅតាមការផ្លាស់ប្តូរនៃបរិការណ៍សាកលនិងក្នុងតំបន់ ដើម្បីអាចនាំនាវាកម្ពុជា ទៅកាន់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន។

សម្ដេចធិបតីបានថ្លែងដូចនេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីបើក «សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣»  ស្តីពី  «ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន» ដែលររៀបចំឡើងដោយវិទ្យាស្ថាន CDRI។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារប្រធានបទឆ្នាំនេះ ផ្តោតទៅលើការគិតគូរខ្ពស់របស់កម្ពុជា ឆ្ពោះទៅកាន់ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត វត្តមានរបស់អ្នកចូលរួមទាំងអស់នៅក្នុងថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តនិងសហការគូសវាងតម្រង់ទិស និងកំណត់ជោគវាសនារបស់កម្ពុជា។

នៅក្នុងឱកាសនោះ​សម្តេច​ធិបតី ​នាយករដ្ឋមន្រ្តី​ក៏បានលើកឡើង​ផងដែរថា​ រាជរដ្ឋាភិបាលក៏បាន រៀបចំ​គណៈកម្មការជាតិមួយចំនួន​ផងដែរ ​ក្នុងនោះ​គណៈកម្មការជាតិជំរុញការ​កែ​ទម្រង់​សេវា​សាធារណៈ, គណៈកម្មការជាតិជំរុញការអនុវត្តវិធាន​គន្លឹះ​ក្នុង​វិស័យអប់រំ, និង​គណៈកម្មការជាតិ​ជំរុញ​ការអនុវត្តវិស័យ​គន្លឹះ​ក្នុង​វិស័យសុខាភិបាល។

បន្ថែមពីនេះរាជរដ្ឋាភិបាល​ក៏បានដាក់ចេញនូវការរៀបចំ​ នៃ​កិច្ច​ដំណើរការ​របស់អាជ្ញាធរជាតិ​ដោះស្រាយ​វិវាទ​នៅ​ក្រៅ​ប្រព័ន្ធតុលាការផងដែរ៕

ដោយ ៖ សិលា 


ចែករំលែក៖