ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត​ ជិន​ ម៉ាលីន​៖ រាជរដ្ឋាភិបាល នៅតែបន្ដវិធានការម៉ឺងម៉ាត់ករណីក្មេងទំនើងដោយមិនលើកលែង ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងបញ្ជាក់ក្នុងឱកាសសន្និសីទសារព័ត៌មានស្តីពី «ករណីក្រុមក្មេងទំនើង» នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ យ៉ាងដូច្នេះ​ថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្ដវិធានការម៉ឺងម៉ាត់ករណីក្មេងទំនើងដោយមិនលើកលែង ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។​

លោករដ្ឋលេខាធិការ​ប្រចាំការ​ បានលើកឡើងថា «ការងារទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងនៅកម្ពុជា គឺជាការងារមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ជាពិសេសសម្តេចធិបតី​ ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ កាលពីថ្ងៃទី២៣ ខែឧសភា ដោយបានណែនាំដល់ស្ថាប័នមានសមត្ថកិច្ច តុលាក និងអយ្យការ ត្រូវអនុវត្តវិធានការច្បាប់ ក្នុងនោះទាំងវិធានការរដ្ឋបាល ឱ្យបានម៉ឹងម៉ាត់ និងគ្មានការលើកលែងចំពោះករណីក្មេងទំនើង ដើម្បីថែរក្សានូវសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋយើង»។

លោក ជិន ម៉ាលីន បានបញ្ជាក់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាព។

បន្ថែមពីនេះ លោក ជិន ម៉ាលីន បានឱ្យដឹងថា ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឱ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ។

លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា ចំពោះករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌។ សំណុំរឿងអាទិភាពទាំង៤ របស់ក្រសួងយុត្តិធម៌ រួមមានទី១៖ សំណុំរឿងគ្រឿងញៀន, ទី២៖ ក្មេងទំនើង, ទី៣៖ ចរាចរណ៍ និងទី៤៖ អាត្រានុកូលដ្ឋាន។

«សំណុំរឿងក្មេងទំនើងនេះ ត្រូវបានចាត់បញ្ចូលក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ ដែលស្ថាប័នតុលាការ ស្ថាប័នអយ្យការ ត្រូវតែអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាប ដើម្បីថែរក្សានូវសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ជិន ម៉ាលីន។

ចំពោះសំណុំរឿងក្មេងទំនើង, ត្រូវបានលោក ជិន ម៉ាលីន អះអាងថា ស្ថាប័នតុលាការ និងស្ថាប័នអយ្យការ បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ និងជាប្រចាំ បន្ទាប់ពីការដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ចទាំងអស់ ស្ថានភាពក្មេងទំនើងត្រូវបានថយចុះ បើប្រៀបធៀបពី ១ខែដំបូង និង ១ខែចុងក្រោយមកដល់ពេលនេះ។ ខណៈ១ដំបូងនៃការដាក់ចេញបទបញ្ជាមានរហូតដល់ ៦២៩សំណុំរឿង ក៏ប៉ុន្តែ សម្រាប់១ខែចុងក្រោយ នៅសល់តែ៣៤២សំណុំរឿង។

សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសកម្ពុជា ត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។ ការចេញបទបញ្ជានេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី បានសង្កេតឃើញថា ក្មេងទំនើង បានធ្វើសកម្មភាពកាប់ចាក់គ្នាជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ និងបង្ហោះតាមបណ្តាញសង្គម រហូតដល់ធ្វើឱ្យខូចទ្រព្យសម្បត្តិភាគីម្ខាងទៀតផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖