អតីតខ្សែបម្រើក្រុមតោខៀវ Chelsea កីឡាករ Oscar នឹងត្រឡប់ទៅអតីតក្លិបរបស់គាត់គឺ Sao Paulo វិញក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ នេះបើយោងតាមក្លិប Serie A របស់ប្រេស៊ីលបានបប្រកាសកាលពីថ្ងៃអង្គារ។
Oscar ដែលបានបង្ហាញខ្លួន៤៨លើកសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៦ បានចំណាយពេល៨រដូវកាលចុងក្រោយជាមួយក្លិប Shanghai Port ដោយបានជួយក្រុមឈ្នះពានរង្វាន់ Chinese Super League ចំនួន៣ដង។
កីឡាករវ័យ៣៣ឆ្នាំរូបនេះបាននិយាយនៅក្នុងសារថា “ខ្ញុំសប្បាយចិត្តដែលបានត្រលប់មកប្រេស៊ីលវិញ ហើយអាចលេងឱ្យ Sao Paulo ដែលជាក្លិបដែលខ្ញុំចាប់ផ្តើមដំបូង កន្លែងដែលខ្ញុំបង្កើតមូលដ្ឋានរបស់ខ្ញុំ និងកន្លែងដែលខ្ញុំធំឡើងនៅទីនេះ”។
Oscar ស៊ុតបញ្ចូលទីបាន៣៨គ្រាប់ក្នុងការបង្ហាញខ្លួន២០៣លើកសម្រាប់ Chelsea និងលើកពាន Premier League, League Cup និង Europa League កំឡុងពេលលេងរយៈពេល៤ឆ្នាំកន្លះរបស់គាត់។
គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅ Sao Paulo ក្នុងឆ្នាំ២០០៨ ហើយបានចូលរួមជាមួយក្លិប Internacional ក្នុងឆ្នាំ២០១០ ដែលជាការផ្លាស់ប្តូរដែលនាំឱ្យមានជម្លោះកិច្ចសន្យាដ៏យូររវាងក្លិបប្រេស៊ីលទាំង២នេះ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)