ខេត្តក្រចេះ ៖ ក្រុមអ្នកលេងល្ខោនផ្ទុះប្រតិកម្ម និងហួសចិត្តចំពោះលោកមេប៉ុស្តិ៍វ័យក្មេងម្នាក់ ឈ្មោះ លោក យឹង សំអឿន ហៅ ដួង នៅស្រុកស្នួល ខេត្តក្រចេះ ដែលបានធ្វើរឿងដ៏មិនសមទំនង ចុះទៅបិទល្ខោនពួកគាត់កំពុងតែសម្តែងសុខៗ ធ្វើឱ្យប្រជាពលរដ្ឋជាអ្នកទស្សនា បានសម្តែងការក្តៅក្រហាយឡើងឈូរឆតែម្តង ព្រោះតែពួកគាត់មិនពេញចិត្តទៅនឹងទង្វើដ៏ចម្លែករបស់មេប៉ុស្តិ៍រូបនេះ ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងកម្មពិធីបុណ្យកឋិនទាន វត្តអូរលុង ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ។ ខណៈលោកមេប៉ុស្តិ៍រូបនោះ ដែលមើលទៅហាក់ដូចស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានឡើងទៅសួរនាំ ហើយក៏បិទល្ខោនមិនឲ្យសម្តែងបន្តតែម្តង ដោយចោទប្រកាន់ថា ក្រុមល្ខោននោះមិនមានច្បាប់អនុញ្ញាត ដែលផ្ទុយពីទៅសួរនាំគណៈកម្មការអាចារ្យវត្ត ឬចៅអធិការវត្ត ដែលជាអ្នកជួលវង់ល្ខោនមកសម្តែងនោះទេ ។
តាមបណ្តាញសង្គម facebook បានលើកឡើងថា : ករណីមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចា ខេត្តក្រចេះ ចុះទៅរករឿងនិងបញ្ឈប់ការសំដែង សិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយនៅវត្តក្នុងភូមិ អូរលុង ឃុំស្រែចា ស្រុក ស្នួល ខេត្ត ក្រចេះ បានបង្ករការរិះគន់ខ្លាំងលេីបណ្ដាញសង្គមហ្វេសប៊ុក ធ្វើតែរឿងអោយពលរដ្ឋក្តៅក្រហាយ។
តាមពិតនគរបាលមូលដ្ឋាន មិនមានសមត្ថកិច្ចក្នុងការចេញច្បាប់អនុញ្ញាតអោយសំដែងល្ខោនបាសាក់ទេ គឺមានតែ សាលាឃុំ សាលាស្រុក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ តែប៉ុណ្ណោះ ។ នគរបាលមូលដ្ឋាន មានតួនាទីត្រឹមការពារសន្តិសុខជុំវិញកន្លែងសំដែងតែប៉ុណ្ណោះ ។
ពេលនេះមហាជនជាច្រើនកំពុងផ្ទុះប្រតិកម្មចំពោះទង្វើរបស់លោកមេប៉ុស្តិ៍ ស្រែចារ ។ ជាយោបយោបល់ប្រជាពលរដ្ឋ គិតថាដេីម្បីរម្ងាប់អារម្មណ៍មហាជន ស្នងការនគរបាលខេត្តក្រចេះគួរពិចារណា ដកមេប៉ុស្តិ៍ ឬ ផ្អាកការងារគាត់ជាបណ្តោះអាសន្នហើយបញ្ជូនគាត់ទៅរៀនសូត្របន្ថែម មហាជននឹងស្ងប់ស្ងាត់ ។
សំណូមពរបងប្អូន ហ្វេសប៊ុកទាំងអស់ មេត្តាឈប់ជេរប្រមាថ មេប៉ុស្តិ៍ទៅ បេីគាត់ ជ្រុលជ្រួសខុសឆ្គងយ៉ាងណា គាត់មានមេកេីយគាត់ ទុកអោយមេកេីយគាត់ចាត់ចែងតាមវិន័យកងកម្លាំងនគរបាលជាតិចុះ ។
ទីបំផុត ! នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយនគរបាលប៉ុស្តិ៍ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ លោក យឹង សំអឿន ហៅ ដួង ត្រូវស្នងការដកបញ្ឈរជើង និងតែងតាំងមេប៉ុស្តិ៍ស្តីទី!។
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ថា, ជុំវិញបញ្ហានេះ ខ្ញុំមានវិធានការរួចហើយ ដោយឱ្យគាត់ដែលជាមេប៉ុស្តិ៍នោះ មកបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្ត។ លោកស្នងការបន្តថា , ខ្ញុំបានចាត់ចែងឲ្យមានមេប៉ុស្តិ៍ស្ដីទី និងក៏សូមអរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ បានបង្ហោះរឿងនេះ ហើយខាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានសួរនាំដោយវិជ្ជាជីវៈ ។
ដោយឡែកលោក ទេព វាសនា អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេដោយគ្មានលេខទូរស័ព្ទ ។
លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ថា : ហេតុអ្វីក៏សមត្ថកិច្ចទៅឃាត់ ករណីលេងល្ខោនបាសាក់ ព្រោះមិនមែនជាបទល្មើសព្រហ្មទណ្ឌ ហើយត្រូវតែការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕
ដោយ ៖ សិលា