ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នព បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ ដល់គេហដ្ឋានតម្កល់សព ស្ថិតនៅក្រុងខេមភូមិន្ទ ខេត្តកោះកុង។
សូមជម្រាបជូនថា មហាឧបាសិកា យិប ថាំកេសន បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២ និង២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។ ក្រោយទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើនូវសារលិខិតចូលរួមរំលែកមរណទុក្ខ ដោយសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយទទួលដំណឹងថា ឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងជាម្តាយបង្កើតរបស់លោកជំទាវ បានទទួលមរណភាព ថ្ងៃ ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចតេជោ និងភរិយា ក៏សូមសម្ដែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមក ក្នុងឆាកជីវិតរបស់ឧបាសិកា យិប ថាំកេសន បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយអត្តចរិតល្អ សីលធម៌ គុណធម៌ និងភាពជាអ្នកដឹកនាំសម្រាប់សង្គមជាតិ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា យិបចាំកសន សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចារលើសៀវភៅមរណទុក្ខជាមួយក្រុមគ្រួសារ នៃសពមហាឧបាសិកា យិប ថាំកេសន ក្នុងខ្លឹមសារជាអាទិ៍ថា «យើងខ្ញុំសូមជូនដំណើរអ្នកមីងជាលើកចុងក្រោយ ត្រឹមពេលនេះ។ ដោយការគោរពស្រឡាញ់ពីក្មួយៗ។»
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានចូលរួមថវិកាជាបច្ច័យចំនួន ២០លានរៀល ដើម្បីចូលរួមក្នុងពិធីបុណ្យសពមហាឧបាសិកា យិប ថាំកេសន ផងដែរ តាមរយៈលោក សេង ទៀង ៕
ដោយ៖ សហការី