ភ្នំពេញ ៖ ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាឱកាសអញ្ជើញជា អធិបតី បើកសន្និសីទស្តីពី «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នារយៈពេល ៣ខែកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ថ្មីនេះ បានដាក់ចេញជាបន្តបន្ទាប់ នូវកម្មវិធីគោលនយោបាយអាទិភាពនានា ដោយក្នុងនោះគោលនយោបាយអាទិភាពចំនួន ៥ ចំណុច ត្រូវបានប្រកាស និងចាប់ផ្ដើមដាក់ឱ្យអនុវត្តរួចហើយ ដែលរួមមាន៖
១. យុទ្ធសាស្រជាតិអភិវឌ្ឍន៍ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (២០២៣-២០២៨)។
២. ការពង្រឹងមូលនិធិសមធ៌មសុខាភិបាល ដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ។
៣. កម្មវិធីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស ជាមួយនិងការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វាយនិយោជន៍ និងអ្នកក្នុងបន្ទប់របស់សមាជិក ប.ស.ស តាមគោលការណ៍ស្ម័គ្រចិត្ត។
៤. កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
៥. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិកម្មបែបថ្មី។
សម្តេចធិបតី បានលើកឡើងថា តាមរយៈការដាក់ចេញនូវគោលនយោបាយអាទិភាព និងការអនុវត្តវិធានការគន្លឹះ និងវិធានការមុតស្រួចដែលដាក់ចេញកន្លងមក កម្ពុជារំពឹងទុកថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៦ភាគរយ នៅឆ្នាំ២០២៣នេះ និងបន្តកើនឡើង ៦,៦ភាគរយ នៅឆ្នាំ២០២៤។
សម្តេចធិបតី បានលើកឡើងថា ទោះបីមានការរំពឹងបែបនេះក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលមិនភ្លេចលើកឡើងនូវកត្តាប្រឈមដែលអាចកើតមានឡើងផងដែរ។ សម្តេចធិបតី ថ្លែងថា៖«ប្រាកដណាស់ថាទស្សនវិស័យកំណើននេះក៏អាចប្រឈមនឹងបញ្ហាហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវប្រកាន់យកស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ចដោយព្យាយាមកសាងឲ្យបាននូវភាពធន់ និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង»។
សម្តេចធិបតី គូសបញ្ជាក់ថា សម្រាប់រយៈពេលជា២ទសវត្សកន្លងមក កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ៧ភាគរយក្នុងមួយឆ្នាំ ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ដោយទំហំពាណិជ្ជកម្មក្នុងស្រុកកើនឡើងប្រមាណ១០ គឺ៣,១១ប៊ីលានអាមេរិកនៅឆ្នាំ១៩៩៨ ដល់ប្រមាណ២៩,៦០ប៊ីលាននៅឆ្នាំ២០២២។
សម្តេចនាយករដ្ឋមន្ត្រី បន្តថា អត្រាភាពក្រីក្រក៏បានធ្លាក់ចុះក្រោម១០ភាគរយ នៅមុនវិបត្តិកូវីដ-១៩ និងវិវាទសង្គមកាន់តែរួញតូច រចនាសម្ព័ន្ធសេដ្ឋកិច្ច បានផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកមុខរបរកសិកម្មប្រពៃណីទៅជាសេដ្ឋកិច្ចពឹងលើឧស្សាហកម្មនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាង។
សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកថា ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះផ្តើមចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការបើកចំហ ទី១ គឺការធ្វើពាណិជ្ជកម្មអន្តរជាតិឈរលើគោលការណ៍ពហុភាគីនិយម។
ទី២ ការជំរុញ ការទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេសដើម្បីជាមូលដ្ឋានកសាងចន្ទល់ថ្មីសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ទី៣ ការពង្រឹងការស្តារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាផ្លូវ ថ្នល់ ទឹក និងភ្លើងដើម្បីលើកកម្ពស់ការតភ្ជាប់សម្រួលការចល័តធនធាន និងកម្លាំងពលកម្ម និងពង្រាយមូលដ្ឋានផលិតកម្ម។ ទី៤ ការបន្តការអភិវឌ្ឍ និងការលើកកម្ពស់មូលធនមនុស្សដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព និងទី៥ ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំដើម្បីធានាសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញុវត្ថុសាធារណៈ និងប្រព័ន្ធធនាគារ៕
ដោយ ៖ សិលា