ក្លិប Valencia ដែលប្រជែងគ្នានៅ La Liga បានតែងតាំងលោក Carlos Corberan គ្រូបង្វឹក West Brom ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ Valencia បានចំណាយលើលក្ខខណ្ឌនៃការផ្ទេរដែលគេជឿថាមានចន្លោះពី៣ទៅ៤លានផោនក្នុងកិច្ចសន្យារបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៤១ឆ្នាំ ដើម្បីអនុញ្ញាតឱ្យគាត់ចាកចេញពីក្លិប West Brom នៅ Championship។
លោក Corberan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៦-២០២៧ ជាមួយក្លិបអេស្ប៉ាញ ដែលបានបណ្តេញគ្រូបង្វឹកលោក Ruben Baraja កាលពីថ្ងៃចន្ទ បន្ទាប់ពីឈ្នះត្រឹមតែពីរលើកក្នុងការប្រកួតលីកចំនួន១៧នៅរដូវកាលនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្លិប West Brom បាននិយាយថា លោក Corberan បានចាកចេញជាមួយនឹងការដឹងគុណរបស់ក្លិប និងបំណងប្រាថ្នាដ៏ល្អបំផុត” ។
គ្រូបង្វឹក Chris Brunt, Damia Abella និងលោក Boaz Myhill នឹងទទួលបន្ទុកថែទាំក្រុម West Brom ខណៈពេលដែលពួកគេស្វែងរកគ្រូបង្វឹកថ្មី។
បន្ទាប់ពីការបញ្ជាក់ពីការតែងតាំងរបស់គាត់ដោយ Valencia លោក Corberan បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការសម្រេចចិត្តចាកចេញពី West Brom គឺជា ការលំបាកបំផុតនៃជីវិតរបស់ខ្ញុំ។ វានឹងតែងតែមានកន្លែងនៅក្នុងបេះដូងរបស់ខ្ញុំសម្រាប់ក្លិបពិសេសនេះ ហើយខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំអាចត្រលប់មកអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រដ៏អស្ចារ្យរបស់អ្នក”។
លោក Corberan អតីតគ្រូបង្វឹកក្លិប Huddersfield Town ត្រូវបានតែងតាំងដោយ West Brom ក្នុងខែតុលា ឆ្នាំ២០២២ ដែលនាំឱ្យពួកគេទទួលបានចំណាត់ថ្នាក់លេខ៩ក្នុងរដូវកាលទី១ និងទី៥កាលពីរដូវកាលមុន ខណៈដែលពួកគេបានចាញ់ក្រុម Southampton ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-off ។
គាត់បានដឹកនាំ West Brom ទៅកាន់ចំណាត់ថ្នាក់ទី៧ក្នុងតារាង Championship នៅរដូវកាលនេះ នៅខាងក្រៅកៅអីលេង Play-off លើគ្រាប់បាល់ដែលបានស៊ុតបញ្ចូលទី ទោះបីជាអះអាងថា ថវិការបស់គាត់ត្រូវបានកាត់បន្ថយ៣០%ក៏ដោយ។
លោក Corberan ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំណែងអ្នកចាត់ការថ្មីនៅទំនេរនៅក្រុម Southampton នៃ Premier League ប៉ុន្តែក្រុមនេះបានជ្រើសរើសយកលោក Ivan Juric ដើម្បីជំនួសលោក Russell Martin ដែលត្រូវបានបណ្តេញចេញ។
Valencia ដែលជាក្លិបកំណើតរបស់លោក Corberan ចាញ់៤ពិន្ទុពីតំបន់សុវត្ថិភាព ដោយឈរនៅបាតតារាង La Liga។ នៅក្នុងការប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Baraja ក្នុងនាមជាអ្នកចាត់ការ បន្ទាប់ពីប្រកួតស្មើ ២-២ ជាមួយ Alaves កាលពីថ្ងៃអាទិត្យ ដើម្បីទម្លាក់ចេញពីបាតតារាងដោយសារគ្រាប់បាល់ខុសគ្នា។ ក្រុម Valencia នឹងត្រូវជួបម្ចាស់ជើងឯក Real Madrid ក្នុងការប្រកួតលីកបន្ទាប់នៅថ្ងៃទី៣ ខែមករា៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)