ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតសាកលវិទ្យាល័យធនធានមនុស្ស។
-សម្តេចធិបតី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា សាកលវិទ្យាល័យធនធានមនុស្ស ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការបណ្តុះបណ្តាលសិស្សនិស្សិតឱ្យមានសមត្ថភាព ដែលជាកត្តាចាំបាច់ មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
-សម្តេចធិបតី ប្រកាសគាំទ្រ និងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តចូលរួមលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើងទៀត ដើម្បីរួមចំណែកដល់ការកសាង មូលធនមនុស្សឱ្យកាន់តែខ្ពស់ ដូចបានចង្អុលបង្ហាញដោយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
-សម្តេចធិបតី ថ្លែងថា គ្រឹះស្ថានអប់រំគឺជាថ្នាលបណ្តុះធនធានបញ្ញាញាណ, បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះលក្ខណៈសម្បត្តិសមស្រប ដល់យុវជនគ្រប់ៗជំនាន់ ឱ្យក្លាយជាសសរទ្រូង និង ជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងយុគនៃការកសាងកំណើន សេដ្ឋកិច្ច ដែលពឹងផ្អែកលើចំណេះដឹង។ ជាពិសេស ត្រូវបណ្តុះបណ្តាលនិស្សិតឱ្យឆ្លើយតបតម្រូវការទីផ្សារការងារសម្រាប់ស្ថាប័នរដ្ឋ និង ឯកជន ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និង ទស្សនវិស័យអភិវឌ្ឍកម្ពុជាទៅស្របតាមចក្ខុវិស័យកម្ពុជា២០៥០។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់, ឱ្យតម្លៃខ្ពស់ និងផ្ដល់អាទិភាពដល់វិស័យ អប់រំ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់,មានគុណភាព ផ្តល់ចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតនវានុវត្តន៍ និង ការអប់រំអត្តចរិត ឱ្យក្លាយជាពលរដ្ឋល្អ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់វប្បធម៌, អរិយធម៌, កិត្តិយស, កិត្យានុភាព និងមោទនភាពជាតិ។
– សម្ដេចធិបតី ថ្លែងលើកទឹកចិត្តឱ្យមានការរក្សាទុកទិន្នន័យវិភាគ និងចែករម្លែកស្នាដៃ នៃការស្រាវជ្រាវពីប្រធានបទអ្វីមួយរបស់និស្សិតឱ្យបានទូលំទូលាយ ។
-សម្ដេចធិបតី ថ្លែងស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ ខណៈសូម្បីស្នាដៃស្រាវជ្រាវថ្នាក់បណ្ឌិតរបស់សម្ដេចផ្ទាល់ក៏បានចែករំលែកជាសាធារណៈឱ្យស្វែងយល់ដែរ។
-សម្ដេចធិបតី ថ្លែងណែនាំយុវជនចេញឱ្យឆ្ងាយអំពីក្រុមដែលមានគំនិតញុះញង់បំបែកបំបាក់ជាតិ ហើយបែរមកខិតខំសិក្សារៀនសូត្រ ដើម្បីខ្លាយជាធនធានល្អក្នុងការកសាងជាតិ។
-សម្តេចធិបតី ថ្លែងរម្លឹកថា រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ ។
-សម្ដេចធិបតី ថ្លែងថា រដ្ឋាភិបាលមិនតបត ឆ្លើយឆ្លងលើហ្វេសប៊ុក មិនមែនរដ្ឋាភិបាលមិនគិតគូរលើរឿងជាតិ និងបូរណភាពទឹកដីនោះទេ ប៉ុន្ដែរដ្ឋាភិបាលកំពុងធ្វើរាល់ថ្ងៃ លើកិច្ចការងារកសាងជាតិ និងបូរណភាពទឹកដីនេះ។
-សម្ដេចធិបតី ថ្លែងថា ករណីក្មេងទំនើងក្រោយការបង្ក្រាបបានស្ងាត់មួយរយៈ ពេលនេះហាក់បីដូចជាស្រើបឡើងវិញ ខណៈបច្ចុប្បន្នមានក្មេងទំនើងជាង ២ ពាន់នាក់កំពុងជាប់ឃុំ។
-សម្ដេចធិបតី ថ្លែងណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី ខេត្តសូមកុំបន្ធូដៃចំពោះករណីក្មេងទំនើងនេះ នៅតាមបូលដ្ឋាន ហើយត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន។
-សម្ដេចធិបតី ថ្លែងថា បើច្បាប់ដាក់ទោសទណ្ឌចំពោះករណីក្មេងទំនើងនេះបើនៅមានទោសទណ្ឌស្រាលពេក ក្រសួងយុត្តិធម៌គួរធ្វើវិសោធនកម្មបន្ថែមទោសទណ្ឌលើករណីនេះ៕
ដោយ៖ តារា