ខេត្តបាត់ដំបង៖ ជនសង័្សយជាយុវជនចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះបន្ទាប់ពីបានសាកសួរ និងរៀបចំសំណុំរឿងរួចរាល់ ។
អនុវត្តកិច្ចប្រតិបត្តិការនេះគឺដោយស្របតាមយោបល់ដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដោយផ្អែកលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយបញ្ហានេះត្រូវបានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនៃអធិការដ្ឋាននគរ បាលក្រុងបាត់ដំបង ដឹកនាំកម្លាំងជំនាញស្រាវជ្រាវ កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដោយក្រុមជនសង័្សយបានធ្វើសកម្ម ភាពកាប់បំផ្លាញ ម៉ូតូរបស់ជន រងគ្រោះឈ្មោះ បឹង សូបិនភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងខេត្តបាត់ដំបង(តំណាងដើមបណ្ដឹង)។
ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង១៣និង០០នាទី នៅចំណុចក្រុមទី៥ ភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះម៉ូតូចំនួន ០២គ្រឿងត្រូវខូចខាត ។
ជនសង័្សយទាំង០៥នាក់នោះគី៖
១-ឈ្មោះឆៃ គឹមហួ ភេទប្រុសរស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះជា ចំណាន ភេទប្រុស រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះឡុង សុផូ ភេទប្រុស រស់នៅភូមិសាលាបា ឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះអន វិឆៃ ភេទប្រុសរស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិង៥-ឈ្មោះហុន ចាន់យ៉ា ភេទប្រុស រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
-សម្ភារៈដកហូតរួមមាន៖
-ម៉ូតូម៉ាកហុងដាម៉ាក Scoopy ពណ៌ឈាមជ្រូក សេរីឆ្នាំ២០២១ គ្មានស្លាកលេខ០១គ្រឿង ។
-កាំបិតខ្វែវដងឈើចំនួន០១ដើម។
-កាំបិតបុ័ងតោចំនួន០១។
-កាំបិតកែឆ្នៃចំនួន០១។
-កាំបិតកែឆ្នៃដងឈើចំនួន១ ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា មូលហេតុដែលនាំទៅ ដល់ ករណីកាប់បំផ្លាញ ទ្រព្យសម្បត្តិបែបនេះ គឺក្រុមជនសង័្សយខាងលើមានគ្នាច្រើន បានលើកគ្នាទៅប៉ុនប៉ង (កាប់)ក្រុមម្ខាងទៀតដែលមានរហស័នាមថា (ក្រុមGS) ដែលអ្នកដឹកនាំក្រុមគេប្រាប់ថា ក្រុម ( GS) កំពុងមានវត្តមាននៅទីកន្លែងកើតហេតុខាងលើ និងទុកម៉ូតូនៅទីនោះ ដូច្នេះក្រុមនេះសំដៅទៅកាប់បំផ្លាញ ម៉ូតូនោះតែម្តង ប៉ុន្តែដោយសារអ្នកកាប់ ទទួលព័ត៌មានមិនច្បាស់ក៏ទៅកាប់ច្រឡំម៉ូតូអ្នកដទៃដែលមិនដឹងរឿងអ្វីសោះបណ្តាលឱ្យខូចខាត ដោយអន្លឺហើយមុនពេលគេចខ្លួនពីកន្លែងកើតហេតុក្រុមនេះបានកាប់ទៅលើរថយន្តមួយគ្រឿងថែមទៀត ដែលឈប់នៅក្បែរនោះផងដែរត្បិតនៅសេសសល់កំហឹង។
តាមការវាយតម្លៃគឺក្រុមបង្កហេតុនេះមានទំនាស់ជាមួយក្រុមម្ខាងទៀតដែលមានរហ័សនាមថា ( ក្រុមGS)នាពេលកន្លងមកហើយពេលនេះសម ត្ថកិច្ចកំពុងបន្តស្វែង រកមេក្លោងនៃក្រុមបង្កដែលកំពុងគេចខ្លួនពីមូលដ្ឋាន និងសមាសភាពក្រុម(GS)ដើម្បីមានវិធានការតាមនីតិវិធី។
ពេលនេះជនសង័្សយនិងវត្ថុតាងប្រព្រឹត្តិអំពើល្មើសត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ហើយ៕
ដោយ៖ សូរិយា