ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដើរតួនាទីជាវេទិកាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេចចង់ឃើញសន្និសីទស្ដីពី «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់» នេះ ដើរតួនាទីជាវេទិកាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរអនុវត្តន៍ និងទទួលខុសត្រូវរួមគ្នាលើជោគវាសនារបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ និងរៀបចំឡើងដោយវិទ្យាស្ថាន CDRI ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ចង់ឃើញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន CDRI ជាបន្តបន្ទាប់ និងមិនត្រឹមតែជាការសិក្សាស្រាវជ្រាវ បង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា។ 

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យភាគីទាំងអស់ រួមគ្នាដោះស្រាយបញ្ហាប្រឈមដែលរំពឹងថាកើតមាននៅពេលដែលកម្ពុជា ឆ្លងផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ ខាងមុខផងដែរ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល ៣ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយជាអាទិភាពចំនួន៥ ឱ្យ អនុវត្ត សម្រាប់ អាណត្តិ ទី៧នេះ ដោយ កម្មវិធី នយោបាយ ទាំង៥នេះ គឺដើម្បីលើកសេដ្ឋកិច្ច សុខុមាលភាព វិស័យអប់រំ នៅកម្ពុជាឲ្យកាន់តែល្អប្រើសើរបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កម្មវិធីនយោបាយជាអាទិភាពចំនួន៥ ដែលឱ្យអនុវត្ត សម្រាប់ អាណត្តិទី៧នេះ គឺធ្វើឡើង តាមរយៈការពង្រឹង វិសាលភាពមូលនិធិសមធម៌ សុខាភិបាល ការ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់ក្រុមគ្រួសារក្រីក្រ និងការពង្រីក វិសាលភាព មន្រ្តីជំនាញ ផ្នែក កសិកម្មនៅតាម មូលដ្ឋាន ពោល គឺនៅតាមឃុំ-សង្កាត់ជាដើម។

នៅក្នុងឱកាសនោះ សម្តេច ធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើង ផងដែរថា រាជរដ្ឋាភិបាលក៏បាន រៀបចំ គណៈកម្មការជាតិមួយចំនួន ផងដែរ ក្នុងនោះ គណៈកម្មការជាតិជំរុញការ កែ ទម្រង់ សេវា សាធារណៈ, គណៈកម្មការជាតិជំរុញការអនុវត្តវិធាន គន្លឹះ ក្នុង វិស័យអប់រំ, និង គណៈកម្មការជាតិ ជំរុញ ការអនុវត្តវិស័យ គន្លឹះ ក្នុង វិស័យសុខាភិបាល ៕ 

ដោយ ៖ សិលា


ចែករំលែក៖