ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី រួមនិងមន្ទីរជុំវិញខេត្តបាននិងកំពុងរៀបចំតុបតែងកែលម្អនិងបំពាក់ភ្លើងពណ៌នៅជុំវិញមាត់បឹងកន្លែង ដើម្បីរៀបចំពិធីបុណ្យអុំទូកបណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះវេលាម៉ោង៨ និង៣០នាទី ការប្រណាំងទូកង មកពីតាមបណ្តាស្រុកទាំង៨ មានចំនួន៣៦ទូក ក្នុងនោះក៏មានទូកស្ត្រីចំនួន៣ផងដែរ។
លោក ខណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរីបានប្រាប់ឲ្យដឹងថា រដ្ឋបាលសាលាខេត្ត បានសម្រេចប្រារព្ធធ្វើពិធីប្រណាំងអុំទូកនៅបឹងកន្សែងដើម្បីញាំងបរិយាកាសនៅតំបន់រមណីយដ្ឋានបឹងនេះឲ្យកាន់តែមានភាពអធឹកអធមថែមទៀត នាឧិកាសនោះយើងមានទូកចំនួន៣៦ទូក ដែលត្រៀមចូលរួមប្រឡង ក្នុងនោះរួម មានទូកផ្នែកនារីចំនួន៣ទូកផងដែរ។
លោកអភិបាលរងខេត្តបានឲ្យដឹងទៀតថា ទូកទាំងអស់នោះមានទូកខ្លះប្រវែង៩ម៉ែត្រនិងទូកខ្លះទៀតមានប្រវែង១០ម៉ែត្រ គឺមកពីតាមបណ្ដាស្រុកទាំង៨និងទូករបស់មន្ទីរនៅជុំវិញខេត្ត ដើម្បីចូលរួមប្រឡង ហើយទូកនិមួយៗអាចផ្ទុកកម្លាំងអ្នកអុំបានចាប់ពី៧នាក់ទៅ ដល់ ១៣នាក់ប៉ុណ្ណោះ។ លោកបញ្ជាក់ទៀតថា ការប្រណាំង ទូកនៅបឹងកន្សែងដែលនិងប្រារពធ្វើនៅថ្ងៃទី២៣~២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលសាលាខេត្ដក៏មានរៀបចំជាប្រាក់រង្វាន់មួយចំនួនសម្រាប់លើកទឹកចិត្តជូនដល់ក្រុមប្រណាំងទូក.ងដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ផងដែរ។
គួររំលឹកផងដែរថា រាល់ឆ្នាំកន្លងទៅមិនមានកម្មវិធីបុណ្យ អុំទូកនោះទេ ខណៈផ្លូវនៅជុំវិញមាត់បឹងកន្សែងព្រម ទាំងតុបតែងកែលម្អ មិនបានរៀបចំឲ្យមានសោភ័ណ ភាពល្អប្រសើរនៅឡើយទេ។
ឆ្នាំនេះលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី បានយកចិត្តទុកដាក់និងខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យមានកម្មវិធីបុណ្យអុំទូកនេះប្រព្រឹត្តទៅឲ្យបានល្អ មានផ្លូវចាក់បេតុងសម្រួលដល់បងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្តមើលបុណ្យអុំទូក៕
ដោយ៖ សូរិយា