ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង ឱកាសដែលលោកស្រិ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួង។
ក្នុងអំឡុងនៃកិច្ចសន្ទនា លោកឧបនាយករដ្ឋមន្ត្រី និងលោស្រីឯកអគ្គរដ្ឋទូត បានរំលឹកពី សារៈសំខាន់នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទៅវិញទៅមកនៅប្រទេស គុយបា និងកម្ពុជា ដែលជាដាក់ចេញនូវទិសដៅដ៏ប្រសើរសម្រាប់ការពង្រឹង និងពង្រីកនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកិច្ច ព្រមព្រៀងដែលមានស្រាប់ក្នុងវិស័យនានាដែលជាប្រយោជន៍ទៅវិញទៅមកដែលរួមមាន វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ការវិនិយោគ និងកីឡា។
ដោយបានរំលឹកអំពីប្រវត្តិសាស្រ្តពីអតីតកាលរបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាប្រចាំដែលគុយបាជួយកម្ពុជាក្នុងគ្រាលំបាក ក្រោយការដួលរលំនៃរបបខ្មែរក្រហម។ ដោយ ចាត់ទុកកម្ពុជាជាមិត្តដ៏ល្អរបស់គុយបា លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមជាមួយគុយបា និងសហគមន៍អន្តរជាតិ ក្នុងការអំពាវនាវឱ្យមានការលុប ចោលនូវការដាក់ទណ្ឌកម្មបរទេសមកលើគុយបា។
លោកឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានមានទស្សនៈដូចគ្នាថាចាំបាច់ត្រូវធ្វើការ បន្ថែមទៀត ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសទាំងពីរ ជាពិសេសសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំ ពិគ្រោះ យោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងធ្វើនៅឆ្នាំ២០២៤៕
ដោយ ៖ សិលា