ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទថា វិសោធនកម្មប្រការ៤ថ្មី, ប្រការ៦ថ្មី(ពីរ) និងប្រការ២៩ថ្មីនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា គឺស្របនឹងរដ្ឋធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០នាទីព្រឹក នៅអគារ សវិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើក កិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា វិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសម័យប្រជុំ លើកទី១ នីតិកាលទី៧ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ ។

(ខ្លឹមសារទាំងស្រុងនៃសេចក្តីសម្រេចនឹងមានផ្សាយក្នុងគេហទំព័រ៖ www.ccc.gov.kh) អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប៕

ដោយ ៖ សិលា


ចែករំលែក៖