ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយនៅថ្ងៃទី 24 ខែវិច្ឆិកាថា មេដឹកនាំលោក គីម ជុងអ៊ុន បានសរសើរពីការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដោយជោគជ័យថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការដាក់ពង្រាយ “យានឆ្មាំអវកាស” ឃ្លាំមើលសកម្មភាពយោធារបស់សត្រូវ។
ដំណើរទស្សនកិច្ចទៅកាន់ទីភ្នាក់ងារបច្ចេកវិទ្យាអវកាសជាតិ (NATA) កាលពីម្សិលមិញ លោកគីម ជុងអ៊ុន បានកោតសរសើរចំពោះការដាក់ពង្រាយផ្កាយរណបឈ្លបយកការណ៍ដែលជួយប្រទេសនេះរៀបចំវិធានការដើម្បីដោះស្រាយហានិភ័យសន្តិសុខព័ត៌មានតាមរយៈតេឡេស្កុបសង្កេតអវកាស។ នេះគឺជាការលើកទឹកចិត្តរបស់គាត់ចំពោះវិស្វករនិងអ្នកវិទ្យាសាស្ត្រដែលបានរួមចំណែកដល់ការបាញ់បង្ហោះផ្កាយរណបចារកម្ម “Malligyong-1” ទៅកាន់តារាវិថីប្រកបដោយជោគជ័យ។
មេដឹកនាំកូរ៉េខាងជើងបានអះអាងថា ការខិតខំប្រឹងប្រែងរបស់គាត់ដើម្បីសម្រេចបាន “គោលដៅភ្លាមៗ និងរយៈពេលវែង” គឺដើម្បីអភិវឌ្ឍសមត្ថភាពឈ្លបយកការណ៍តាមលំហអាកាស ហើយថាការកាន់កាប់ផ្កាយរណបចារកម្ម គឺជាទង្វើនៃការអនុវត្តសិទ្ធិការពារខ្លួន “ផ្លូវការ”។
កន្លងមកប្រទេសកូរ៉េខាងជើងបានប្រកាសជោគជ័យនៃការបាញ់បង្ហោះគ្រាប់រ៉ុក្កែត “Chollima-1” ដែលដឹកផ្កាយរណបចារកម្ម Malligyong-1 ទៅកាន់គន្លងនៅម៉ោង 10:54 យប់ថ្ងៃទី 21 ខែវិច្ឆិកា បន្ទាប់ពីការបាញ់សាកល្បងមិនបានជោគជ័យចំនួនពីរលើក។ ការបាញ់បង្ហោះនេះធ្វើឡើងនៅទីតាំងបាញ់បង្ហោះផ្កាយរណប Sohae ស្រុក Cholsan ខេត្ត Pyongan ខាងជើង។
Chollima-1 បានផ្លាស់ទីជាធម្មតាតាមគន្លងហោះហើរដែលបានកំណត់ទុកជាមុន ហើយបានដាក់ផ្កាយរណបឈ្លបយកការណ៍ Malligyong-1 ចូលទៅក្នុងគន្លងគោចរនៅម៉ោង 22:54 គឺ 705 វិនាទីបន្ទាប់ពីការបាញ់បង្ហោះ។
សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានធ្វើការតវ៉ាភ្លាមៗចំពោះចំណាត់ការរបស់កូរ៉េខាងជើង ដោយនិយាយថា ផ្កាយរណបនេះ ត្រូវបានបាញ់បង្ហោះដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោងដែលពួកគេបាននិយាយថា បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ហើយបានប្រកាសថាពួកគេនឹងចាត់វិធានការឆ្លើយតប៕ ដោយ៖ ធីរីណា
រូបថត៖ KCNA