ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ សេង ធារិន៖ ក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារជាតិ កងទ័ពមានតួនាទីហ្វឹកហ្វឺនរៀនសូត្រដើម្បីពង្រឹងសមត្ថភាពបន្ថែម

ចែករំលែក៖

ខេត្តបាត់ដំបង៖​ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ នៅទីលានបាញ់គ្រាប់ពិតភ្នំផ្គាំ។

នៅថ្ងៃនេះដែរពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចថ្មើរជើងលេខ៥១៤ នាពេលនេះសិក្ខាកាម សរុបចំនួន ១០០នាក់ ហ្វឹកហ្វឺនមានរយៈពេល ៩១ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣  ជាលទ្ធផល សម្រេចបាន៖

-និទ្ទេសល្អ ចំនួន ៣៥នាក់ ស្មើនឹង៣៥% 

-និទ្ទេសល្អបង្គួរ ចំនួន ៥០នាក់ ស្មើនឹង៥០% 

-និទ្ទេសមធ្យម ចំនួន ១៥នាក់ ស្មើនឹង១៥% 

បើកវគ្គហ្វឹកហ្វឺន បំប៉នទូទៅនៅនឹងកន្លែងវរសេនាតូចថ្មើរជើងលេខ៥១៤ ចំនួន ១វគ្គ សិក្ខាកាម ចំនួន ១០០នាក់ មានរយៈពេល ៩៦ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរដល់កម្លាំងដែលបានហ្វឹកហ្វឺនបញ្ចប់វគ្គនៅថ្ងៃនេះដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន: និងសូមផ្ដាំផ្ញើដល់កម្លាំងដែលធ្វើការបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះត្រូវតែយកចិត្តទុកដាក់សិក្សារៀនសូត្រដើម្បីទទួលបានលទ្ធផលល្អដូចកម្លាំងបិទវគ្គនាពេលនេះ។

លោកឧត្តមសេនីទោ សេង ធារិន បានបន្តថា សិក្ខាកាមបើកវគ្គថ្មីនេះត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នា ខិតខំប្រឹងប្រែងក្នុងការរៀនសូត្រដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នា ត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឲ្យបានល្អ ការហ្វឹកហ្វឺនកងទ័ព ជាវិស័យអាទិភាពមួយ នៃការកែទម្រង់​ របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ដេីម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។ 

បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់​ ក្នុងការពង្រឹងខឿនការពារជាតិ​ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព​ ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ។ ត្រូវចូលរួមថែរក្សាសុខសន្តិភាព មិនអនុញ្ញាតឲ្យជនណា ឬក្រុមណាមកបំផ្លាញសុខសន្តិភាពបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ចជាមួយប្រមុខរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា យើងមានសន្តិភាពមកដល់ពេលនេះដោយការសាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវពង្រឹងពង្រីកការងារការកសាងធនធានមនុស្ស និងការកសាងអង្គភាពរបស់ខ្លួន។

ចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានប្រកាសបិទវគ្គហ្វឹកហ្វឺន និងបើកវគ្គហ្វឹកហ្វឹនចាប់ពីពេលនេះតទៅ និងបានប្រគល់ថវិការបស់ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ចំនួន ២.០០០.០០០រៀលផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖