ព័ត៌មានទាន់ហេតុការណ៍៖

បន្តឃាត់​ខ្លួន​យុវជន​ម្នាក់​ ក្នុងចំណោម​បក្ខពួក​ផ្សេង​ទៀត​ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ជនរងគ្រោះ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង​ការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នៅរសៀល​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង័្សយម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ជនរងគ្រោះនៅស្រុកបាណន់។ 

ករណី​ខាងលើ​នេះ​ បានកេីតឡេីង​កាលពីថ្ងៃទី ២៣ខែវិច្ឆិកាឆ្នាំ ២០២៣ វេលាម៉ោង ១៥និង០៦ នាទី នៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នា​យ​ការិយាល័យ បានដឹកនាំកម្លាំងបង្ការបង្រ្កាប ចូល​រួមជាមួយសមត្ថកិច្ច នគរបាលនៃអធិការដ្ឋាននគរ​បាលស្រុកបាណន់ដែលមានលោកវរសេនីយ៍ទោ សំ វីរះ ជាអធិការ -អធិការដ្ឋាន នគរបាលស្រុកបវេលដែលមានលោកវរសេនីយ៍ឯក សុខ សារិន ជាអធិការ និងអធិការដ្ឋាននគរបាលស្រុក កំរៀងដែល មានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការ ធ្វើ ការស្រាវជ្រាវ ស៊ើបអង្កេត រហូតឃាត់ខ្លួនជន សង័្សយ ម្នាក់ឈ្មោះ គឹម សុវ៉ាត់ ហៅ តូច ភេទប្រុស មានទីលំនៅភូមិភ្នំសំពៅកើតឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង ក្នុងចំណោមបក្សពួកផ្សេងទៀតយកមកធ្វើការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា មូលហេតុដែលឈានទៅដល់ការឃាត់ខ្លួននេះគឺរឿងហេតុនៅថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទីស្ថិតនៅចំណុចក្រុម ទី៩ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ជនសង្ស័យខាងលើ រួមជាមួយបក្សពួកចំនួន ០៣ នាក់ ទៀត ជិះម៉ូតូ០២ គ្រឿង ម៉ាកហុងដាឌ្រីម និង ប្រើប្រាស់កាំបិតផ្គាក់ បានធ្វើសកម្មភាព ដេញកាប់ទៅលើជនរងគ្រោះមួយក្រុមទៀតដែលមានគ្នា០៧នាក់ ជិះមូតូ០៣គ្រឿង លុះដល់ចំណុច កើត ហេតុខាងលើ ជនសង្ស័យ បានកាប់ត្រូវចំ  ជនរងគ្រោះ ម្នាក់ ឈ្មោះ លក សាវៀង ភេទប្រុស   រស់នៅក្រុមទី៥ ភូមិ តាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ចំត្រង់ក្បាល ផ្នែក ខាងលើមួយកាំបិត ដេកដួលនៅហ្នឹងកន្លែង ហើយត្រូវបានអ្នកភូមិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តាមរថយន្តសង្រ្គោះឃុំភ្នំសំពៅពេលទៅដល់មន្ទីរពេទ្យដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ 

ភ្លាមៗសមត្ថកិច្ចនគរបាលទៅដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតពេលកំណត់មុខ សញ្ញាបាន និងឈានដល់ការឃាត់ខ្លួនយុវជនម្នាក់នេះ ហើយនៅពេលធ្វើការសាកសួរ រូបគេបានឆ្លើយសារភាពថា គេពិត ជាបានចូលរួមក្នុងសកម្ម ភាពនេះមែន ជាមួយបក្សពួកផ្សេងទៀត ដែលកំពុងរត់គេចខ្លួនពីមូលដ្ឋាន រីឯរឿង ហេតុដែលឈានទៅ ដល់ការប្រើអំពើហិ-ង្សាបែបនេះគឺ ជនរងគ្រោះនិងបក្សពួកធ្លាប់មានទំនាស់ជាមួយគ្នា នាពេលកន្លងមក ។

បច្ចុប្បន្ន​ កម្លាំងសមត្ថកិច្ចនគរបាលកំពុងតាមស្វែងរកបក្សពួកផ្សេងទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់ ត្បិតសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយរីឯជនសង័្សយរូប នេះបានរៀបចំកសាងសំណុំរឿងបញ្ជូនមកអនុវត្តទៅតាមផ្លូវច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖