ភ្នំពេញ ៖ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ជា សុមេធី រដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំដំណើរទស្សនកិច្ចជូនប្រតិភូមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីកម្មវិធីប្រគល់និងទទួលសម្ភារឧបករណ៍រណបជំនួយទ្រទ្រង់រាងកាយ។ ជំនួយទាំងនោះគិតជាទឹកប្រាក់សរុបចំនួន៧០០ ០០០យ័ន ស្មើនឹង ១០០ ០០០ដុល្លារសហរដ្ឋអាមេរិក។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូចិនបានអញ្ជើញទស្សនានិងស្វែងយល់ពីប្រវត្តិនៃសារមន្ទីរជាតិ បរិវេណវិមានឯករាជ្យ រួចបានអញ្ជើញបន្តដំណើរទៅមណ្ឌបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅសួនច្បារខាងកើតវិមានឯករាជ្យ ព្រមទាំងពិសាអាហារសាមគ្គីដើម្បីជាការថ្លែងអំណរគុណជូនភាគីចិន។
គួរបញ្ជាក់ផងដែរថា ឧបករណ៍រណបជំនួយទ្រទ្រង់រាងកាយដល់ជនមានពិការភាពដែលចិនផ្តល់ឱ្យរួមមាន ឈើច្រត់ជើង៤គ្មានកង់ (តូច មធ្យម ធំ) សរុបចំនួន ១៨គ្រឿង ឈើច្រត់ជើង៤មានកង់មុខ១គូ (តូច មធ្យម ធំ)សរុបចំនួន២២គ្រឿង ឈើច្រត់ជើង៤មានកង់មុខក្រោយសរុបចំនួន១៤គ្រឿង ឈើច្រត់សម្រាប់ជនមានពិការភាពភ្នែកសរុបចំនួន១៥គ្រឿង ឈើច្រត់ជើង១សរុបចំនួន៤០គ្រឿង ឈើច្រត់ជើង៤សរុបចំនួន២០គ្រឿង ឈើច្រត់ទ្រកំភួនដៃសរុបចំនួន២០គ្រឿង ឈើច្រត់ទ្រក្លៀក (តូច មធ្យម ធំ) សរុបចំនួន៧០គ្រឿង។
ជាមួយនេះឧបករណ៍ជំនួយការឈរសរុបចំនួន០៥គ្រឿង រទេះបង្វិលដៃ (តូច មធ្យម ធំ)សរុបចំនួន៥២គ្រឿង កៅអីអង្គុយកុមារតូចសរុបចំនួន ០១គ្រឿង រទេះអគ្គិសនី(តូច មធ្យម និងធំ)សរុបចំនួន១០គ្រឿង ឧបករណ៍កែវពង្រីករូបភាព(កម្រិត 500, 700)សរុបចំនួន ៤៥គ្រឿង កែវពង្រីកអុបទិកមានដៃនិងគ្មានដៃសរុបចំនួន ១៥០គ្រឿង ឧបករណ៍ពង្រីកអេឡិចត្រូនិកសរុបចំនួន៥០គ្រឿង៕
ដោយ ៖ សហការី