ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំនៃការបង្កើតធនាគារ Maybank នៅកម្ពុជា ធនាគារនេះបានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដើម្បីដាក់ដំណើរការកម្មវិធីជំនួយសង្គមថ្មីមួយឈ្មោះថា REACH INDEPENDENCE AND SUTAINABLE ENTREPRENEURSHIP (R.I.S.E) នៅយប់ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកានេះ។
ពិធីចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើងរវាងនាយកប្រតិបត្តិនៃមូលនិធិនៃធនាគារ មេយប៊ែងលោកស្រី Izlyn Ramli ជាមួយតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាលោកស្រី អ៊ុក ម៉ាលី បានចាត់ទុកការចុះអនុស្សរណៈនេះជាការជួយដល់កម្ពុជាបន្ថែមទៀតលើគម្រោងដែលធនាគារនេះធ្លាប់បានជួយស្រាប់នៅកម្ពុជា។
លោកស្រីថា៖ «ចំពោះការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជាកម្មវិធីសង្គមមួយថ្មីទៀតក្នុងការជួយ បង្កើនចំណូលសម្រាប់សហគមន៍ងាយរងគ្រោះ ដោយផ្តោតសំខាន់ទៅលើបុគ្គលដែលមានពិការភាពតាមរយៈវគ្គបណ្តុះបណ្តាលសហគ្រិនភាព។ ក្នុងនាមធនាគារជាតិនៃកម្ពុជានិងរូបខ្ញុំផ្ទាល់ សូម ថ្លែងអំណរគុណនិងសូមលើកទឹកចិត្តដល់ភាគទុនិកៈ និងគណៈគ្រប់គ្រងរបស់ ធនាគារ បន្តជួយដល់សហគមន៍បន្តទៀត»។
R.I.S.E គឺជាកម្មវិធីដែលត្រូវបានផ្តួចផ្តើមក្នុងឆ្នាំ២០១៤ ដោយមូលនិធិមេយប៊ែង ក្នុងគោលបំណងពង្រឹងនិងបង្កើនចំណូលសម្រាប់សហគមន៍ងាយរងគ្រោះ ដែលផ្តោតសំខាន់ទៅលើបុគ្គលដែលមានពិការភាព (PWD/ People with Disability) តាមរយៈវគ្គបណ្តុះបណ្តាលសហគ្រិនភាព។
បន្ទាប់ពីត្រូវបានផ្តួចផ្តើមឡើង កម្មវិធីនេះបានបណ្តុះបណ្តាលអ្នកចូលរួមសរុបប្រមាណ ៣០ ៤៥៧នាក់ ដែលក្នុងនោះ ២៥ ០៤១នាក់គឺជាជនមានពិការភាព។ បន្ទាប់ពីបានចូលរួមកម្មវិធីនេះ ជាមធ្យមអ្នកចូលរួមទទួលបានកំណើនប្រាក់ចំណូលប្រមាណ ២៨០,៧៩% បើធៀបនឹងមុនពេលពួកគេបានចូលរួមក្នុងកម្មវិធីនេះ។
កម្មវិធីនេះត្រូវបានដំណើរការតាមបណ្តាប្រទេសចំនួន៥ ដែលធនាគារមេយប៊ែងដាក់ទីតាំង រួមមានប្រទេសម៉ាឡេស៉ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេស R.I.S.E program begin ឡាវ និងប្រទេសកម្ពុជាដែលកម្មវិធីនេះបាន ចាប់អនុវត្តសាកល្បងថ្មីៗនេះនៅកម្ពុជា កាលពីដើមខែ វិច្ឆិកា ឆ្នាំ២០២៣។
ស្ថិតក្នុងគម្រោងនៃការចាប់ផ្តើមប្រតិបត្តិការនៃកម្មវិធីនេះ ធនាគារមេយប៊ែងគ្រោងនឹងចាប់ដៃគូជាមួយនឹងស្ថាប័ន និងក្រសួងពាក់ព័ន្ធនានា ដែលមានទិសដៅដូចគ្នា ដើម្បីពង្រឹងការអនុវត្តកម្មវិធីនេះអោយកាន់តែមានភាពប្រសិទ្ធភាព។ ក្នុងចំណោមស្ថាប័នទាំងនោះផងដែរគឺមាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ៕
ដោយ ៖ សហការី