ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម​ ចូលរួម​គោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មនៃសហភាព​សូវៀត​ ដែលបាន​ស្លាប់​ដោយសារទាហានខ្មែរក្រហម​ វាយឆ្មក់​តាមដងផ្លូវ​ ក្នុង​ស្រុកចំការលេី​

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ បាន​អញ្ជើញ​ចូលរួម​គោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មនៃសហភាព​សូវៀត​ ចំនួន៩រូប​ (ខ្មែរ​ ១រូប​,​ សូវៀត​ ៨រូប)​ ដែលបាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារទាហានខ្មែរក្រហម​ វាយឆ្មក់​តាមដងផ្លូវ​ ក្នុង​ស្រុកចំការលេី​ កាលពី​ឆ្នាំ១៩៨៣​ ។

ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នាព្រឹកថ្ងៃទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ នៅវត្តដូនធី ស្ថិត​ក្នុង​ឃុំបុសខ្នុរ ស្រុកចំការលើ​ ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក ​ ហ៊ុន​ ម៉ានិត​ អគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក លោក ​ H.E. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ អាជ្ញាធរ​ដែនដី​ និង​លោកយាយ​ លោកតា​ បងប្អូន​ប្រជាពលរដ្ឋ​ ជាច្រើន​ផងដែរ​ ។

សូម​ជំរាប​ថា​ អតីតអ្នកជំនាញការកសិកម្ម​បានធ្វើដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាស នៅស្រុកចំការលើ ខេត្តកំពង់ចាម​ ដោយសារស្ថានភាពផ្លូវលំបាកក្រុមការងារ បានទៅសម្រាកនៅខេត្តកំពង់ចាម មួយយប់​ ដោយមានរថយន្ត​ ៣គ្រឿង ២គ្រឿង១២កៅអី និង១គ្រឿង ដឹកប៉ូសីល កងកាពារពីខេត្តចំនួន​ ១២នាក់ផងដែរ។ លុះព្រឹកឡើងថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ បានចេញដំណើរមកស្ថាននីយ៏ពិសោធន៍ដំណាំកប្បាស ពេលធ្វើដំណើរដល់ភូមិ​ដូនធី​ និងចន្លោះភូមិមួយទៀត ដែលមានលក្ខណៈ ជាព្រៃរបោះខ្ពស់ៗ​ ត្រឹមក្បាល ដែលពួកខ្មែរក្រហមងាយស្រួលពួនស្ទាក់ចាញ់ ដោយមាន២ក្រុម និងមានកាំភ្លើងគ្រប់ដៃ ម៉ាក AK47 B40 និងអាចមានកាំភ្លើងយន្ត បាញ់សន្ធាប់មកក្បួនរថយន្តរបស់ក្រុមការងារ បានធ្វើអោយក្រុម កងការពារបាត់ម្ចាស់ការ រត់ដកថយ ដើម្បីរកស្ថានភាពប្រយុទ្ធតបវិញ តែយើងត្រូវពួកខ្មែរក្រហមបាញ់ របួសនិងស្លាប់ ។ បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះរួមមាន៖​

១. លោក សូ សុខឃាង មន្ត្រីការិយាល័យស្រាវជ្រាវ (ជនជាតិខ្មែរ)​ ។

២- លោក ទីមេណូវ វ.វ (N.V.Tikmenov)​ វិស្វករបច្ចេកវិទ្យា​ ។

៣- លោក លិស្សិនកូ ហ្គេ.អា (G.A. Lysenko)​ វិស្វករក្សេត្រសាស្ត្រ​ ។

៤- លោក ហ្គីប៉ូវ អីអី (Yu.I. Gribov)​ វិស្វករគ្រឿងយន្ត​ ។

៥- លោក អាយុនដូវ កា.ហ (K.Kh.Akhundov)​ ក្សេត្រគីមីវិទ្យា​ ។

៦-លោក ធៀលណូវ អា.ហ្គ (A.G. Chernov)​ ឯកទេសគ្រឿងយន្ត​ ។

និង​ ៧-លោក ហ្វេសសេ​វ ទ​ .​ (T. Fayziev)​ ឯកទេសគ្រឿងយន្ត​ ។

៨-លោក ណាសារ៉ូវ ឆ.អ (N.A.Nazarov)​ វិស្វករក្សេត្រសាស្ត្រ ការពារដំណាំ​ ។

៩-លោក សាអាតូវ ស. (S. Saatov)​ វិស្វករ និងអ្នកបកប្រែ​ ។

បន្ទាប់ពីជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ អង្គការចាត់តាំងរបស់ខ្មែក្រហម នៅតែបន្ត សកម្មភាពជាក្រុមឧទ្ទាម បន្តសង្គ្រាមបំផ្លិចបំផ្លាញ បង្កអសន្តិសុខក្នុងផ្ទៃប្រទេស។ កម្ពុជាតែងតែមាន ការបែកបាក់ទៅជាតំបន់ត្រួតត្រាពីរ ឬបីភាគី ពុំដែលទទួលបាននូវសន្តិភាពពេញលេញនោះឡើយ។

ក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន មាតុភូមិយើងដែលធ្លាប់តែ ឆ្លងកាត់នូវភ្លើងសង្គ្រាមការបែកបាក់ និងការប្រល័យពូជសាសន៍ បានរកឃើញមកវិញនូវសន្តិភាព តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក​ ៕

ដោយ ៖ សហការី


ចែករំលែក៖