ភ្នំពេញ៖ លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ (NAA) បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ កាលពីរសៀលថ្ងៃទី ២៤ វិច្ឆិកាម្សិលមិញនេះថា៖ នៅក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុក និងសំពះព្រះខែដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយអង្គការជាដៃគូនានានឹងរៀបចំការប្រគុំតន្ត្រីមួយដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយជំងឺអេដស៍នៅរមណីយដ្ឋានវត្តភ្នំរយៈពេល ៣ ថ្ងៃដោយមានការចូលរួមពីតារាចំរៀងល្បីៗ និងមានក្រុមការងារចុះចែកស្រោមអនាម័យដល់ប្រជាពលរដ្ឋ និងកីឡាករអុំទូកប្រមាណ១០ម៉ឺនស្រោម ព្រមទាំងមានការធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃផងដែរ។
លោកអគ្គលេខាធិការរូបនេះ បានថ្លែងបន្តថា យុទ្ធនាការនេះធ្វើឡើងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីវិធីសាស្ត្រការងារនិងរបៀបការចម្លងជំងឺអេដស៍ដើម្បីឱ្យពួកគាត់ចេះការពារខ្លួនកុំឱ្យឆ្លងជំងឺនេះព្រោះថា ជំងឺនេះនៅមិនទាន់ទៅណាទេគឺនៅក្បែរយើងទាំងអស់គ្នាប្រសិនបើយើងធ្វេសប្រហែស។
អាជ្ញាធរអេដស៍រូបនេះ បានគូសបញ្ជាក់ថា «នៅក្នុងឱកាសបុណ្យអុំទូកសូមប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករដោយក្តីរីករាយ និងសូមការពារខ្លួនការពារកុំឱ្យឆ្លងជំងឺអេដស៍ត្រឡប់ទៅផ្ទះវិញពិសេសបងប្អូនកីឡាករយើងព្រោះថា អេដស៍នៅមិនទាន់ទៅណានៅឡើយទេនៅចាំយើងប្រសិនបើចង់ជួបគាត់នឹងជួបប៉ុន្តែបើសិនមិនចង់ជួបគាត់អាចការពារខ្លួនបានគឺត្រូវតបត្រូវស្មោះស្ម័គ្រមួយទល់មួយស្នេហាប្តីមួយប្រពន្ធមួយប្រពន្ធចាំនៅផ្ទះត្រឡប់ទៅវិញដោយឥតមានប៉ះពាល់អីខាងក្រៅរួចខ្លួនហើយ។ប៉ុន្តែបើសិនជាអត់ទ្រាំមិនបានទេអីចឹងវិធីធំបំផុតគឺប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវព្រោះជាយ័នការអាចការពារការឆ្លងជំងឺអេដស៍»។ លោកបន្ថែមថា ក្រៅពីស្រោមអនាម័យបងប្អូនក៏អាចប្រើសេវាប្រឹមសម្រាប់លេបការពារការឆ្លងជំងឺអេដស៍មុនពេលរួមភេទ។
ជាមួយគ្នានោះ នាយកប្រតិបត្តិអង្គការខាន់ណា លោក សុខ ជួបសំរើន បានឱ្យដឹងដែរថា « សូមចងចាំថាអេសដ៍អត់ទាន់ចប់នៅឡើយទេដូចនេះនៅពេលសង្ស័យផ្ទុកមេរោគអេដស៍ប្រញាប់ទៅធ្វើតេស្តឈាមមានធ្វើដោយខ្លួនឯងឬទៅធ្វើតេស្តនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក។ចំណែកសេវាប្រឹមមាននៅ៣៩ទៅតាំងនៅរាជធានីខេត្តចំនួន១៤ក្នុងនោះនៅរាជធានីភ្នំពេញមាន១២ទីតាំង។ ចំណែកកន្លែងព្យាបាលវិញមាន៧២ទីតាំងនៅទូទាំងប្រទេស»។ លោក បន្តថា អង្គការខាន់ណាក៏មានការចែកស្រោមអនាម័យប្រមាណ៦ម៉ឺនស្រោមផងដែរ។
ដោយឡែកតំណាងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) លោក ស្រី វេជ្ជបណ្ឌិត នូ វណ្ណារី បានឱ្យដឹងថា នៅក្នុងឱកាសបុណ្យអុំទូកនេះដែរអង្គការAHFបានចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចែកអនាម័យប្រមាណ៤ម៉ឺនស្រោម មានក្រុមការងារធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃនិងមានក្រុមការងារចល័តចុះផ្សព្វផ្សាយពីជំងឺអេដស៍ដល់ប្រជាពលរដ្ឋនិងកីឡាករអុំទូកផងដែរ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថាទន្ទឹមនឹងនេះAHF នឹងមានការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទេរ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក នៅសួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។
គួរជម្រាបជូនថា ព្រឹត្តិការណ៍នេះនឹងធ្វើការរំលឹក ផ្តល់កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ព្រោះថាជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់ទេ៕
ដោយ៖សហការី