ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះខ្ទមតូចទាប យកខ្យល់ធ្វើជញ្ជាំង ជីវភាពក្រីក្រ ឪពុកពិការ ប៉ុន្តែ យុវជន អន ផានិត បានប្រឡងជាប់បាក់ឌុបឆ្នាំ២០២៣ ទទួលបាននិទ្ទេស A !

ចែករំលែក៖

ខេត្តកំពត ៖ ភាពក្រខ្សត់ ក្តីលំបាក ក្នុងស្ថានភាពគ្រួសារមានជីវភាព ក្រីក្រ ផ្ទះខ្ទមតូចទាប យកខ្យល់ធ្វើជញ្ជាំង ឪពុកក៏ពិការ ។ ប៉ុន្តែមិនមែនជាឧបសគ្គ ដែលត្រូវឲ្យយុវជនម្នាក់ លះបង់ការសិក្សាចោលឡើយ ។ យុវជន អន ផានិត កាន់តែបង្កើនការតស៊ូ អត់ធ្មត់ សិក្សារៀនសូត្រ ជាមួយមិត្តភ័ក្ដិ ដោយទឹកមុខស្រស់បស់ (ញញឹមមែន តែបេះដូងយំ) ខណៈខ្លួនរស់នៅ ក្នុងស្ថានភាពមួយ ខ្វះមុខ ខ្វះក្រោយ ឪពុកម្ដាយមានអម្រែកធ្ងន់ធ្ងរ ទើបរូបគេ ត្រូវបន្តខំទៅមុខ ដើម្បីកែប្រែជីវភាពជីវិតគ្រួសារមួយនេះ ទទួលបានភាពស្រស់ស្រាយ ដោយសមត្ថភាពនិងគំនិតបញ្ញា គាត់ចេញពីការរៀនសូត្រ។

សូមកោតសរសើរ និងចូលរួមអបអរសាទរ ចំពោះប្អូនប្រុស អន ផានិត ដែលប្រឡងជាប់បាក់ឌុបឆ្នាំ២០២៣នេះ ហើយទទួលបាននិទ្ទេស A !  ។ ភាពក្រីក្ររបស់គ្រួសារប្អូន មិនមែនជាដុំពពកពណ៌ខ្មៅ រារាំងឆន្ទៈប្អូនមិនឲ្យដើរទៅមុខឡើយ។ អ្វីដែល អស្ចារ្យបំផុត ! ប្អូនត្រូវហែលឆ្លងកាត់ ការលំបាក ដើម្បីលើកទឹកចិត្តដល់ម្ដាយ ឪពុកជាជនពិការ និងប្អូនស្រី ធ្វើយ៉ាងណា ឱ្យខ្ទមជរាដែលប្អូនកំពុងជ្រកកោណ ក្លាយជាសំណង់គេហដ្ឋានមួយដ៏សមរម្យ តាមរយៈ ការខិតខំរៀនសូត្រ យកចំណេះជាទុន ជូនជីវិតគ្រួសារ អោយមានភាពភ្លឺស្វាង សុភមង្គលរុងរឿង ។

សូមបញ្ជាក់ថា , បើទោះបីប្អូនប្រុសមានឪពុកពិការ គ្រួសារក៏មិនធូរធារ តែប្អូនប្រុសបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបាននិទ្ទេសល្អប្រសើរបែបនេះ! នរណា ៗ ក៏មិនជិនណាយក្នុងការកោតសរសើរអំពីវីរភាព ការតស៊ូរបស់ប្អូនឡើយ៕

សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យបន្តទៀតលើការសិក្សា និងមានអនាគតដ៏ប្រសើរ!

សូមជម្រាបជូន , ប្អូនប្រុស អន ផានិត មកពីវិទ្យាល័យ សម្ដេចជាស៊ីមអង្គរជ័យ ខេត្តកំពត។

សង្ឃឹមថា, អាជ្ញាធរមូលដ្ឋាន ជួយផ្ដល់កម្លាំងចិត្ត ដល់ប្អូននិងក្រុមគ្រួសារ ដើម្បីរក្សានូវធនធានមនុស្ស កើតចេញពីការតស៊ូ ភាពក្រខ្សត់លំបាកនេះ យកចំណេះដឹងទៅបម្រើប្រទេសជាតិមាតុភូមិ ៕

ដោយ ៖ សិលា


ចែករំលែក៖