ព័ត៌មានទាន់ហេតុការណ៍៖

ស្លុតចិត្តណាស់! អតីតតារាសម្តែងពេជ្រ ភារុណ អតីតស្វាមីអម្ពរទេវីទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ គួរឱ្យរន្ធត់និងស្លុតចិត្តខ្លាំងណាស់ដែលមុននេះគេទទួលបានដំណឹងថា អតីតតារាសម្តែង ពេជ្រ ភារុណ អតីតស្វាមីអម្ពរទេវីទទួលមរណភាព។  នេះបើយោងតាមការបង្ហោះសាររបស់អ្នកនាង អម្ពរទេវីដែលជាអតីតភរិយា បានបង្ហោះសារមុននេះ ខណៈដែលអ្នកសិល្បៈជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយ និងមិនចង់ជឿដែលអតីតតារាសម្តែងរូបនេះបានបាត់មុខពីសិល្បៈឈឹងនោះ។ 

ពិធីបុណ្យសពរបស់អតីតតារាសម្តែង និងជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ល្បីឈ្មោះកាលពីរាប់ទសវត្សរ៍មុនរូបនេះត្រូវបានធ្វើឡើងមួយព្រឹកនៅវត្តទួលអស់លោកដោយបូជាភ្លាមៗព្រោះមានត្រឹមតែសាច់ញាតិ៣ទៅ៤នាក់ចូលរួមប៉ុណ្ណោះ ដោយកូនប្រុសស្រីរបស់លោកកំពុងរស់នៅសហរដ្ឋអាមេរិក។ 

គួរបញ្ជាក់ដែរថា អតីតតារាសម្តែងដ៏ល្បីល្បាញនៅក្នុងទសវត្សទី៨០-៩០ លោកពេជ្រ ភារុណ បានចាកចេញពីវិថីសម្តែងរបស់លោកអស់ជាច្រើនឆ្នាំមកហើយ ចាប់តាំងពីវិស័យភាពយន្តខ្មែរបានធ្លាក់ចុះ ។ លោកពេជ្រ ភារុណ ត្រូវបានគេចាត់ទុកថាជាតារាសម្តែងដែលឈរក្នុងជួរតារាល្បីមួយចំនួនដូចជាលោកទេព រិនដារ៉ូ លោកខៃ ប្រសិទ្ធ យុត្ថារ៉ា ឆានី ហម ឈរ៉ា និងយស បូវណ្ណៈ កាលពីអំឡុងពេលដែលខ្សែភាពយន្តខ្មែរកំពុងតែទទួលបានការគាំទ្រពីទស្សនិកជនក្នុងទសវត្សទី៨០-៩០ ។ បច្ចុប្បន្នលោកអាចស្ថិតក្នុងវ័យ៧០ឆ្នាំ លោកពេជ្រ ភារុណ ស្ទើរតែគ្មានវត្តមាននៅក្នុងខ្សែភាពយន្តខ្មែរនាសម័យបច្ចុប្បន្ននេះទៅហើយ ខណៈពេលដែលតារាជើងចាស់មួយចំនួននៅតែបន្តបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នៅឡើយនោះ តែទោះជាយ៉ាងណាលោកធ្លាប់បន្សល់ទុកស្នាដៃសម្តែងជាច្រើនដែលដក់ជាប់ក្នុងដួងចិត្តទស្សនិកជនផងដែរ ។ 

    សូមដួងវិញ្ញាណក្ខន្ធលោកពេជ្រ  ភារុណទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖