ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម​៖​ មនុស្ស៦នាក់បានស្លាប់ និងរងរបួសជាង១០នាក់ក្នុងករណីរថយន្តដឹកក្រុមឆៃយ៉ាំមួយគ្រឿង​ ធ្លាក់ពីលើភ្នំគូលែន

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ មនុស្សប្រុសស្រី៦នាក់បានស្លាប់នៅកន្លែងកើតហេតុ និងជាង​ ១០នាក់បានរងរបួស​ ព្រោះតែរថយន្តមួយគ្រឿងបានបើកធ្លាក់ចំណោទផ្លូវនៅភ្នំគូលែន ខេត្ត​សៀមរាប​។ហេតុការណ៍​ដ៏​រន្ធត់​នេះ​ កេីតឡេីង​ នៅរសៀលថ្ងៃទី២៧​ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

បេីតាមការ​បញ្ជាក់ពី​អធិការស្រុកស្វាយលើ​ លោក យឹប យ៉ុងឈាង បានប្រាប់ឱ្យដឹងនៅវេលាម៉ោង​ ៤រសៀល​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះថា មានករណីរថយន្តមួយគ្រឿងរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិននៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោទខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ ក្នុងនោះ​ជនរងគ្រោះ​ ប្រុសចំនួន ៤នាក់ និង ស្រី ចំនួន ២នាក់ ស្លាប់ (សរុបចំនួន ៦នាក់)។ 

លោកអធិការស្រុក​ បន្តថា មានមនុស្សស្លាប់នៅនឹងកន្លែង៦នាក់ ក្នុងនោះស្រី២នាក់ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជាង១០នាក់។ ប៉ុន្តែ​លោកអធិការស្រុក មិនបានបញ្ជាក់ឱ្យដឹងច្បាស់អំពីមូលហេតុនៃការធ្លាក់ផ្លូវនោះទេ ដោយលោកប្រាប់ថា កំពុងរវល់ជួយអន្តរាគមន៍ដឹកជញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ​ ដើម្បីសង្គ្រោះជីវិតពួកគេ៕

ដោយ៖ សហការី


ចែករំលែក៖