ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះឃាត់រថយន្តដឹកមាន់រស់នាំចូលពីថៃខុសច្បាប់១គ្រឿង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះឃាត់រថយន្តមួយគ្រឿងដឹកសត្វមាន់រស់គ្មានច្បាប់អនុញ្ញាតនាំចូលពីប្រទេសថៃ យកសំណាកទៅពិនិត្យរកមេរោគនិងអនុវត្តការផាកពិន័យតាមគោលការណ៍ច្បាប់ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចជិតស្នាក់ការភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ការឃាត់ចាប់រថយន្តដឹកមាន់ខាងលើធ្វើឡើងក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ (អធិការកិច្វ ឬចុះយាមល្បាត) ហើយប្រទះឃើញជាក់ស្តែងរថយន្តមួយគ្រឿងម៉ាកនីស្សាន់ ពណ៌ទឹកប្រាក់ ចង្កូតស្តាំ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-8809 ដែលមានផ្ទុកមាន់ចម្រុះសរុបចំនួន២១៥ក្បាល លួចនាំចូលពីប្រទេសថៃតាមច្រករបៀង ក្នុងមូលដ្ឋានស្រុកស្វាយចេក យកមកចែកចាយនៅក្រុងសិរីសោភ័ណ ។

លោកបន្តថា អ្នកប្រព្រឹត្តមានឈ្មោះ សោម សូសា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តល្មើសទៅនឹងច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដោយបានធ្វើការដឹកជញ្ជូនសត្វមាន់រស់ដោយគ្មានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

លោក ហ៊ុយ ទូច បញ្ជាក់ថា ជាការចាប់ផ្តើមនៃការអនុវត្តនេះ គឺយើងយកសំណាកសត្វមាន់ទៅពិនិត្យឱ្យដឹងថា តើសត្វមានជំងឺអ្វីអត់? និងក្នុងខ្លួនមាន់ទាំងនោះមានកាកសំណល់បសុឱសថឬអត់? ប្រសិនបើគ្មានបញ្ហាអ្វីនោះទេ ជំនាញនឹងធ្វើការផាកពិន័យទៅតាមច្បាប់សុខភាពសត្វ ផលិតកម្មសត្វ មាត្រាទី១១៣ ដោយធ្វើការផាកពិន័យជាប្រាក់ ពី១០លានរៀល ទៅ១៥លានរៀល ដោយមិនគិតថា ដឹកតិចឬច្រើននោះទេ ព្រោះនេះជាករណីប្រព្រឹត្តបទល្មើស ហើយប្រសិនបើគាត់មិនព្រមទទួលយកការផាកពិន័យទេ មន្ត្រីជំនាញនឹងធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។

    ប្រភពថា នៅតាមបន្ទាត់ព្រំដែនខាងជើងផ្លូវជាតិលេខ៥ក៏ដូចជាខាងត្បូងផ្លូវជាតិលេខ៥ នៅតែមានការនាំចូលទំនិញចាប់ហួយគ្រប់ប្រភេទរួមទាំងសាច់មាន់ គ្រឿងក្នុងមាន់និងសាច់បង្កកដូចជាពោះជ្រូក ប្រហិតជាដើមនៅពេលយប់ដោយចាប់ពីម៉ោង១២រហូតដល់ម៉ោង៤ឫ៥ទៀបភ្លីពីសំណាក់ក្រុមឈ្មួញផងដែរ៕ 

ដោយ ៖ វណ្ណា


ចែករំលែក៖