ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីអកអំបុក តាមប្រពៃណី ទំនៀមទម្លាប់ ពីដូនតា នៅរមណីយដ្ឋានវត្ដភ្នំ

ចែករំលែក៖

ភ្នំពេញ ៖ ស្របពេលដែលប្រជាពលរដ្ឋកំពុងតែសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក តាមប្រពៃណីទំនៀមទម្លាប់ បន្សល់ទុកតាំងពីដូនតាមក រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានពិធីអកអំបុកនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំដែលជាបេះដូង និងជានិមិត្តរូប នៃរាជធានីភ្នំពេញ នាពេល រាត្រីថ្ងៃ១៥កើតពេញបរមី ខែកត្តិក ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ ២០២៣ដោយមានការអញ្ជើញចូលរួមពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និង លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ 

      ពិធីនេះត្រូវបានខកខានមិនបានប្រារព្វធ្វើតាំងពីឆ្នាំ៣ឆ្នាំមុនដោយសារការរីករាលដាលនៃជំងឺកូវីដ.១៩ ហើយឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រារព្វពិធីនេះឡើងវិញចំថ្ងៃទី២នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។ពិធីនេះក៏ត្រូវបានរៀបចំធ្វើឡើង វិញជាលើកដំបូងផងដែរក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី។គួរបញ្ជាក់ដែរថា៖នេះក៏ជាព្រះរាជពិធីមួយដែលប្រារព្វនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្វពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។

     ចំពោះគ្រឿងរណ្តាប់សំខាន់ដែលគេយកមកប្រើក្នុងពិធីអកអំបុកមាន៖ អំបុក,ចេកទុំ,ដូងខ្ចី ផ្កាភ្ញីរួមទាំងគ្រឿងសក្ការៈបូជាមួយចំនូនទៀត។ ពិធីនេះភាគច្រើនគេប្រារព្វឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះចន្ទ័រះ  ពេញបរមី និងពេញរង្វង់មូល ហើយពិធីនេះក៏បានផ្សាភ្ជាប់ជាមួយព្រះរាជពិធី បុណ្យអុំទូក បណ្តែត ប្រទីបផងដែរ។ សព្វថ្ងៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានពលរដ្ឋទូទាំងប្រទេសប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៏ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។              

     ទាក់ទងទៅនឹងពិធីនេះដែរ ប្រជាកសិករបានយកស្រូវទុំថ្មីៗទៅលីង ហើយបុករួចអុំយកអង្កាមចេញស្អាតដាក់សែនថ្វាយទេវតាចំពេលព្រះចន្ទ័រះពេញវង់ ដើម្បីសំដែងការដឹងគុណទេវតាដែលបានប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណីធ្វើឲ្យិដំណាំសព្វសារពើដុះដាល ហើយទទួលបានភោគផលកសិកម្មបានច្រើន។នេះបើយោងតាមព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះនាមសៀងសុវណ្ណារ៉ា បានអោយដឹង។ពេលអកអំបុកគេរងចាំដល់ព្រះខែរះពេញវង់ចំពីលើក្បាលទើបចាប់យកអំបុកទៅជូនអ្នកមានគុណចាស់ទុំមិត្តភក្រ័អកក្នុងភាពសប្បាយរីករាយមុនអកអំបុកគេត្រូវដាក់អំបុកថ្វាយព្រះខែជាមុនសិនដោយ មានអមដោយផ្លែឈើចំរុះ ពិសេសផ្លែដូង ចេកណាំវ៉ាទុំជាដើមដាក់ថ្វាយជាការដឹងគុណដល់ព្រះពោធិសត្វដែលចាប់កំណើតជាសត្វទន្សាយដោយមានរូបដិតជាប់ក្នុងរង្វង់ព្រះខែតាមដំណើររឿងព្រេងរវាងព្រាហ្ម និងសត្វទន្សាយជាព្រះពោធិសាត់។ក្រុមព្រាហ្មណ៏ ក៏ចាប់ផ្តើមសន្យាថា៖នឹងថ្វាយស្រូវ ផ្លែឈើ ភោគផលកសិកម្មដែលដាំដុះបានក្នុងមួយឆ្នាំៗដាក់ថ្វាយសត្វទន្សាយពោធិសត្វនៅពេលព្រះចន្ទ័  ពេញបរមីនាថ្ងៃ១៥កើតខែកត្តិកដែលគេអាចមើលឃើញរូបទន្សាយច្បាស់នៅថ្ងៃនោះក្នុងរង្វង់ព្រះខែ។យោងតាមឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបញ្ជាក់ពីប្រវត្តិនៃពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធកាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះទ្រង់កើតជាសត្វ ទន្សាយឈ្មោះថា៖សសបណ្ឌិត។ ឯកសារដដែលបញ្ជាក់ថា៖នៅថ្ងៃដែលព្រះចន្ទ ពេញបរមី ឬពេញវង់ ទន្សាយសសបណ្ឌិតបានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួនដោយបំណងធ្វើជីវិតសំរាប់បរិច្ចាកដើម្បីបំពេញនូវពោធិសម្ភារឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ៕

ដោយសំរិត


ចែករំលែក៖