ព័ត៌មានទាន់ហេតុការណ៍៖

Update៖​ រថយន្តដឹកក្រុមឆៃយ៉ាំ​ បើករអិលធ្លាក់ផ្លូវលើភ្នំគូលែន​ បណ្ដាលឱ្យ​ស្លាប់​ ៦នាក់ និងរងរបួស​ ១៣នាក់

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ រថយន្តដឹកក្រុមឆៃយ៉ាំ​មួយគ្រឿង​ បានបើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចំណោតខ្លាំងហើយបត់កែងមិន​ប្រយ័ត្ន​ក៏ជ្រុលទៅធ្លាក់ផ្លូវលើភ្នំគូលែន​ បណ្ដាលឱ្យ​មនុស្សចំនួន​ ០៦នាក់បានស្លាប់​ និងរងរបួស​ធ្ងន់​ស្រាល​ ១៣នាក់។ 

ករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តរអិលធ្លាក់ផ្លូវដោយខ្លួនឯងនេះ បានកេីតឡេីង​នៅវេលាម៉ោង ៣​ និង៣០ និង​រសៀល​ថ្ងៃ​ទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ត្រង់ចំណុចលើផ្លូវបេតុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប​ បណ្តាលឱ្យស្លាប់មនុស្សនៅកន្លែងកើត ហេតុចំនួន ០៦នាក់ (ស្រី០២នាក់), របួសធ្ងន់ចំនួន ១៣នាក់ (ស្រី០៧នាក់), របួសស្រាលចំនួន ០៥នាក់ (ស្រី០៣នាក់) បង្កឡើង​ដោយ​រថយន្តមួយគ្រឿងម៉ាក TOYOTA TACOMA PICKUP ពណ៌ សផ្លាកលេខ សៀមរាប 28-4740 ។

បេីតាមការ​បញ្ជាក់ពី​អធិការស្រុកស្វាយលើ​ លោក យឹប យ៉ុងឈាង បានឱ្យដឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ម្សិលមិញនេះ​ថា មានករណីរថយន្តមួយគ្រឿងរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិននៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោទខ្លាំង បណ្តាលឱ្យមានមនុស្សស្លាប់​ និងរបួសជាច្រើននាក់។ 

លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ និងជាមួយកម្លាំងជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានចុះដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ និងវាស់វែង បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែក​ឯសពជនរងគ្រោះត្រូវបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ 

សមត្ថកិច្ច​ជំនាញ​ បានបញ្ជាក់ថា​ មូលហេតុ អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចំណោតខ្លាំងហើយ បត់កែង។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនវត្ថុតាងរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ស្វាយលើ រង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ៖ ស តារា


ចែករំលែក៖