ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉េត មាសភក្ដី៖​ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកលេងកម្សាន្តជិត ៣លាននាក់ នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ​៖​ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកដើរលេងកម្សាន្តជិត ៣លាននាក់ នៅរាជធានីភ្នំពេញ​ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃកន្លងមកនេះ។ 

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ថា​ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃមកនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកដើរលេងកម្សាន្ត ប្រមាណជិត ៣លាននាក់។ ក្នុងនោះ ថ្ងៃទី ១ មានអ្នកដើរលេងកម្សាន្ដប្រមាណជាង ១លាន ២សែននាក់ និងថ្ងៃទី ២ មានប្រមាណជាង ១លាន ៧សែននាក់។

លោក ម៉េត មាសភក្ដី បានថ្លែងបន្តថា​ ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាព មានល្អប្រសើរ ហើយបរិស្ថានអនាម័យ ក៏មិនចោទជាបញ្ហាផងដែរ ដោយភ្នាក់ងារសម្អាតបានយ៉ាងល្អ នៅក្នុងតំបន់ព្រះរាជពិធី មានកាកសំណល់ប្រមាណជាង ២០០តោន ត្រូវបានប្រមូល និងដឹកចេញ។

ជាមួយគ្នានេះ​ លោក ស៊ូ សា​វ៉​ន ប្រធាន​ការិយាល័យ​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក៏បានឱ្យដឹងដែរថា​៖ ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី២ ត្រូវ​បា​នប​ព្ចា​ប់កាលពី​យប់មិញ​ (ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​) លោកបាន​ពិនិត្យ​ឃើញ​ នៅតាម​ទីតាំង​សប្បាយភាព​នានា មាន​គំនរ​សំរាម​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​លើ​សួនច្បារ គឺ​ច្រើន​លើស ​២០ភាគរយ បើ​ប្រៀបធៀប​ថ្ងៃ​ទី​ ១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​។

លោក​ប្រធាន​ការិយាល័យ​សួនច្បារ​រូបនេះ​ បានបន្ត​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ កម្លាំង​ដែល​ប្រចាំការ​សម្រាប់​ការងារ​បោសសំអាត និង​អនាម័យ មាន​ចំនួន ​៣០៨​នាក់។ ក្នុង​នោះ ​ក៏​មាន​មន្ត្រី​ជាប់កិច្ចសន្យា​ផង​ដែរ។ កម្លាំង​បោសសំអាតបាន​ពង្រាយ​ធ្វើការ​បោសសំអាត ចាប់តាំងពី​ម៉ោង ​១២​យប់ ថ្ងៃ​ទី​ ២៧ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ម៉ោង ​៧​ព្រឹកថ្ងៃ​ទី​ ២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ទើប​ស្អាត​រួចរាល់ ដោយ​មាន​កិច្ចសហការ​ល្អ ជា​មួយ​អាជ្ញាធរ​ខណ្ឌដូនពេញ ក្រុមហ៊ុន​ប្រមូល​សំរាម ដែល​ធ្វើ​ឱ្យការ​ប្រមូល​សំរាម​បាន​លឿន។​ លោក​បន្ថែមថា ជាក់ស្ដែង​យេីងសង្កេតឃេីញថា​ ប្រជាពលរដ្ឋ​ភាគច្រេីនមានការយល់​ដឹង​ខ្ពស់​ ចំពោះការ​ទុកដាក់​សំរាម​ សម្រាប់ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​៕

ដោយ៖ សហការី​


ចែករំលែក៖